(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅថ្ងៃទី០៥ ខែកញ្ញានេះថា «ចាប់ពីឆ្នាំ២០១៦នេះតទៅ ការប្រកួតកីឡាជាតិ ( National games ) នឹងត្រូវរៀបចំឡើងរៀងរាល់២ឆ្នាំ»។
ក្រសួងបអប់រំបានឲ្យដឹងថា ក្រសួងគឺជាអ្នកទទួលខុសត្រូវរួមលើការរៀបចំ ការប្រកួតកីឡាជាតិនេះ ដោយសហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ស្ថាប័នពាក់ព័ន្ធនានា និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ។
ការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ មានកីឡាចំនួន១៤ប្រភេទ គឺ៖ ១.អត្តពលកម្ម ២.ហែលទឹក ៣.វាយសី ៤.បាល់បោះ ៥.ប្រដាល់ សកល និងប្រដាល់គុនខ្មែរ ៦.បាល់ទាត់ ៧.ចំបាប់ ៨.វាយកូនឃ្លីលើតុ ៩.តេក្វាន់ដូ ១០.វាយកូនបាល់ ១១.បាល់ទះ ១២.ប៉េតង់ ១៣.ល្បុក្កតោ និង១៤.កីឡាកាយសម្ព័ន្ធ។
ដើម្បីឱ្យការប្រកួតកីឡាជាតិលើកទី១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ មានដំណើរការរលូន និងទទួលបានលទ្ធផលល្អ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងដាក់ចេញនូវបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស សម្រាប់ការរៀបចំចូលរួម និងការទទួលខុសត្រូវរបស់បុគ្គល ស្ថាប័នពាក់ព័ន្ធនានា៕