(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ជាមួយមន្ត្រីអមដំណើរ បានបន្ដចុះពិនិត្យ ប្រតិបត្តិការរបស់មន្ត្រី និងម៉ាស៊ីនស្កេនវីរុស Zika នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បន្ទាប់ពីការចុះពិនិត្យមើល ម៉ាស៊ីនស្កេនវីរុស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងគោលបំណង ដើម្បីបង្កើនការយកទុកដាក់ ក្នុងការត្រួតពិនិត្យការឆ្លង ចូលវីរុស Zika ពីប្រទេសផ្សេងៗ តាមរយៈអ្នកដំណើរតាមជើងយន្ដហោះពីបរទេស ចូលមកកាន់ប្រទេសកម្ពុជា។
លោករដ្ឋមន្ដ្រី បញ្ជាក់ថា «ការទប់ស្កាត់នឹងការពារ ជម្ងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជម្ងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរក នៃការកកើតសត្វមូល»។ លោក បានជំរុញឲ្យថ្នាក់ដឹកនាំ អាជ្ញាធមូលដ្ឋាន អង្គភាព ស្ថាប័នពាក់ព័ន្ធ ដៃគូរនានា និងប្រជាសហគមន៍ យកចិត្តទុកដាក់ ក្នុងការចូលរួមកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កនូវជម្ងឺ ហើយនៅពេលមានជម្ងឺ ដែលមានរោគសញ្ញា ដូចរៀបរាប់ខាងលើ សូមទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ដើម្បីពិគ្រោះយោបល់ និងបានពិនិត្យសុខភាពជាបន្ទាន់ ផងដែរ។
ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានប្រកាសលេខទូរស័ព្ទបន្ទាន់ ឬ Hotline «115» សម្រាប់សួរនាំអំពីជំងឺឆ្លងនិងបញ្ហា សុខាភិបាលផ្សេងៗ សម្រាប់២៤ម៉ោងលើ ២៤ម៉ោង ដើម្បីបង្កើនការយកទុកដាក់ក្នុងការត្រួតពិនិត្យ ការឆ្លងចូលវិរ៉ុស Zika មកកម្ពុជា៕