(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកទឹកចិត្តធនាគារវឌ្ឍនៈចូលរួមបន្តជំរុញវិស័យទេសចរណ៍ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជនក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។
កិច្ចសហការនេះរំលេចឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រី សុខ សូកេន ជាមួយលោក Anthony Chin អគ្គនាយកប្រតិបតិ្តនៃធនាគារវឌ្ឍនៈ ក្នុងគោលបំណងពង្រឹងចំណងការងាររវាងវិស័យទេសចរណ៍ និងធនាគារ ជាពិសេសជំរុញដល់ការវិនិយោគក្នុងវិស័យទេសចរណ៍ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោក Anthony Chin បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍នាអាណតិ្តទី៧ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេល៦ខែនេះ ជាពិសេសលោកអគ្គនាយកប្រតិបតិ្តបានវាយតម្លៃខ្ពស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ផ្ទាល់ក្នុងការជំរុញពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការដាក់ចេញនូវអនុក្រឹត្យស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាយន្តការសម្រាប់បង្កើនកិច្ចសហការក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជនក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត
លោករដ្ឋមន្ត្រី សុខ សូកេន ក៏បានលើកទឹកចិត្តធនាគារវឌ្ឍនៈចូលរួមបន្តជំរុញវិស័យទេសចរណ៍៕