(ឡាវ, វៀងច័ន្ទ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមើលឃើញថា ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងឡាវ មានសារៈសំខាន់ណាស់ក្នុងការជំរុញដល់សកម្មភាពនានារវាងប្រទេសទាំងពីរ។ ឈរលើគុណតម្លៃនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពឡាវ-កម្ពុជា យកចិត្តទុកដាក់ជំរុញទំនាក់ទំនងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ការជំរុញឱ្យមានការផ្លាស់ប្តូរទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវនេះ បានធ្វើឡើងក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
ក្នុងជំនួបនោះ លោក ខាំបៃ ដាំឡាត់ បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីបានចូលជួបសម្តែងការគួរសម។ លោកប្រធានសមាគម ក៏បានអបអរសាទរចំពោះសម្ដេចធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។
លោកប្រធានសមាគម ក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការធ្វើឱ្យជីវភាពរបស់ប្រជាជនមានភាពរីកចម្រើនកាន់តែប្រសើរ។ លោកប្រធានសមាគម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីមកកាន់ប្រទេសឡាវនាឱកាសនេះ ហើយមានជំនឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការលើកពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។
ខាំបៃ ដាំឡាត់ ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីសកម្មភាពសំខាន់ៗមួយចំនួន និងរចនាសម្ព័ន្ធរបស់សមាគមមិត្តភាពឡាវ-កម្ពុជាផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់សមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ផងដែរចំពោះឯកឧត្តមប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា ដែលបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឡាវនាពេលកន្លងមក។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមមិត្តភាពទាំងពីរខិតខំបន្តក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសប្រជាជនរស់នៅតាមបណ្តាខេត្តដែលជាប់ព្រំដែនផងដែរ។ សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកលើកកម្ពស់ថែមទៀតនូវពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗដទៃទៀតរបស់ប្រទេសទាំងពីរ។
សម្តេចធិបតី បានសង្កត់ធ្ងន់ផងដែរថា សក្តានុពលនៃកម្ពុជា និងឡាវនៅមានច្រើន និងលើកទឹកចិត្ត សមាគមមិត្តភាពរវាងប្រទេសទាំងពីរខិតខំធ្វើសកម្មភាពបន្ថែមទៀតក្នុងការសម្របសម្រួលឱ្យមានការតភ្ជាប់រវាងប្រទេសទាំងពីរកាន់តែច្រើន៕
<div cl