(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំថវិកា១,៤០០,០០០រៀល (មួយលានបួនសែនរៀល) ជួយដល់លោក ជិន លីហន ដែលជាមន្ត្រីព័ត៌មាន នៃទូរទស្សន៍ជាតិកម្ពុជា (TVK) ដែលកំពុងសម្រាកព្យាបាលជំងឺ មហារីកខួរឆ្អឹងខ្នងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានថ្លែងថា ថវិកាឧបត្ថម្ភបន្តិចបន្តួចទាំងនេះ គឺជាសមានចិត្ត របស់ ស.ស.ស.ក ដែលមានគោលដៅយកចិត្តទុកដាក់ជួយដល់អ្នកសារព័ត៌មានទាំងអស់ មិនប្រកាន់ព័ណ៌សម្បុរ និន្នាការអ្វីទេ នៅពេលដែលពួកគេជួបប្រទះបញ្ហានានានៅក្នុងអាជីពរបស់ខ្លួន។ លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា «ជំនួយនេះបង្ហាញពីស្មារតីយកចិត្តទុកដាក់គ្នាទៅវិញទៅមក រវាងសហការីរួមអាជីព ដែលបង្កើតបាននូវស្នាមញញឹមដ៏មានតម្លៃ និងគុណធម៌ យើងខិតខំបន្តវប្បធម៌នេះ»។
លោកបន្តថា ថវិកាទាំងនេះ ពិតជាមិនអាចឆ្លើយតបនូវទំហំនៃជម្ងឺរបស់លោក ជិន លីហន បាននោះទេ តែវាជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការបន្ថយបន្ទុកក្រុមគ្រួសាររបស់លោក ក្នុងការចំណាយទៅលើថ្លៃព្យាបាល និងថ្នាំសង្កូវបន្ទាន់ ហើយលោកប្រធាន ស.ស.ស.ក ក៏បានជូនពរលោក ជិន លីហន ឲ្យបានឆាប់ជាសះស្បើយ ផងដែរ។
សូមបញ្ជាក់ថា លោក ជិន លីហន ដែលជាមន្ត្រីបំរើការងារ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវបានក្រុមគ្រួសារបញ្ជូន ពីប្រទេសវៀតណាមមកវិញ កាលពីសប្តាហ៍មុន ដោយស្ថានភាពជម្ងឺរបស់លោក កំពុងស្ថិតនៅដំណាក់កាលចុងក្រោយ ហើយក្រុមគ្រួសារលោក ដែលកំពុងមានសភាពខ្វះខាត ក៏បានអំពាវនាវរកជំនួយសប្បុរសផងដែរ ដើម្បីបន្តព្យាបាលលោក។
ជាការកត់សម្គាល់ ចាប់តាំងពីការចាប់បដិសន្ធិកាលពីថ្ងៃទី០៨ ខែសីហាឆ្នាំ២០១៦ មកទល់ពេលនេះ ស.ស.ស.ក បានបរិច្ចាកថវិការសរុបចំនួន៦,៩៥០,០០០រៀល ដែលជាមូលនិធិផ្ទាល់របស់ ស.ស.ស.ក និងថវិកាសប្បុរសរបស់សមាជិក ស.ស.ស.ក នានា ជួយដល់អ្នកកាសែតចំនួន៥នាក់ ដែលបានទទួលមរណៈភាព និងមានជម្ងឺប្រចាំកាយបន្ទាប់ពីការបំពេញវិជ្ជាជីវៈសារព័ត៌មានអស់ជាច្រើនឆ្នាំ។ តាមគោលការណ៍ ស.ស.ស.ក អ្នកសារព័ត៌មានម្នាក់ មានជម្ងឺទទួលបានថវិកា៥សែនរៀល ស្មើៗគ្នាហើយក្នុងករណីមរណៈភាព ទទួលបានការឧបត្ថម្ភ១លានរៀល ក្រៅពីនោះជាថវិការបន្ថែម ដែលជាសមានចិត្តរបស់សមាជិក ស.ស.ស.ក៕