(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បាននិងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៩៣៧ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រឿងញៀន ប្រភេទអ៊ុម.ឌី.អឹម.អេ (MDMA) ទម្ងន់ ៤៨ ៩១៩,០១ក្រាម ប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៧៩១៤ក្រាម ប្រភេទមេតំហ្វេតាមីន (METAMFETAMINE) ទម្ងន់ ៥៩៤ ៨១២ក្រាម រុក្ខជាតិក្រៀមទម្ងន់ ១៧០០០ក្រាម និងសារធាតុញៀនមិនច្បាស់ទម្ងន់ ៨៧៦ក្រាម។

សំណុំរឿងនេះ មានជនត្រូវចោទមានខ្លួនចំនួន ០២ នាក់ គឺ ១.ឈ្មោះ NGUYEN HOAN DINH ភេទប្រុស អាយុ ៤៥ឆ្នាំ និង ២.ឈ្មោះ DUONG TIEN ភេទប្រុស អាយុ ១៨ឆ្នាំ និងជនត្រូវចោទចំនួន ០៤នាក់ទៀត កំពុងគេចខ្លួន។

ពួកគេ ត្រូវបានចោទ ប្រកាន់ពីបទ ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់អំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យ ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ មាត្រា ៤៥ និងមាត្រា ៤៨ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និង មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះ អាសន្នលើជនត្រូវចោទទាំង ០២ នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕