(ឡាវ, វៀងច័ន្ទ)៖ ក្នុងក្របខណ្ឌទ្វេភាគីការងារសំខាន់ៗចំនួន៦ គ្របដណ្តប់ទៅលើកិច្ចការព្រំដែន សន្តិសុខ និងសេដ្ឋកិច្ច ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ លើកមកជជែកពិភាក្សាក្នុងជំនួបទ្វេភាគីនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងសន្និសីទរួមគ្នាក្រោយបញ្ចប់ជំនួបទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងក្របខណ្ឌទ្វេភាគី មានកិច្ចការសំខាន់ៗចំនួន៦ ត្រូវបានសម្តេច និងលោក សនសៃ ស៊ីផាន់ដន លើកមកជជែកពិភាក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត កិច្ចការទាំង៦នោះរួមមាន៖
១៖ វិស័យថាមពល៖ ពាក់ព័ន្ធវិស័យថាមពលនេះ កម្ពុជា បានអរគុណឡាវ ដែលបានជួយផ្គត់ផ្គង់ថាមពលជាបន្តបន្ទាប់។ បន្ថែមពីលើនោះភាគីទាំងពីរ បានហត្ថលេខាលើកិច្ចព្រមព្រាងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពលដំណាក់កាលទី២ អមដោយអនុស្សារណៈយោគយល់ចំនួន៤។ គោលដៅ គឺបន្តធានាការផ្គត់ផ្គង់ប្រភពថាមពលដល់កម្ពុជា។
២៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ ភាគីទាំងពីរបានពិភាក្សាគ្នាលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការJCBC, ការដាក់ឱ្យដំណើរការឡើងវិញ គណៈកម្មការពាណិជ្ជកម្មចម្រុះ ជាមួយការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការពង្រីកសមាហរណកម្មសេដ្ឋកិច្ចតាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មលើវិស័យសេវាកម្ម ដូចជាសេវាហិរញ្ញវត្ថុ ដឹកទំនិញផ្លូវគោក និងទេសចរណ៍។
៣៖ ការតភ្ជាប់រវាងប្រទេសទាំងពីរ៖ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានស្វាគមន៍ការចាប់ផ្តើមការហោះហើរត្រង់របស់ក្រុមហ៊ុនឡាវអ៊ែរឡាញវៀងច័ន្ទ-ភ្នំពេញ ដែលនឹងចូលរួមចំណែកថែមទៀតដល់កំណើនទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យសំខាន់ៗផ្សេងទៀតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សាលើគម្រោងលំអិត និងគំនិតផ្តួចផ្តើមផ្សេងៗទៀត សម្រាប់តភ្ជាប់ប្រជាជន និងប្រជាជនផងដែរ។
៤៖ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ៖ ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន ជាពិសេសការជួបប្រាស្រ័យទាក់ទងរបស់ថ្នាក់ដឹកនាំទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ ជាពិសេសការប្រាស្រ័យទាក់ទង សហការគ្នាទៅលើកិច្ចសហប្រតិបត្តិការយោធាដែលមានស្រាប់ ព្រមទាំងពង្រឹងការទប់ស្កាត់ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស និងគ្រឿងញៀន។
៥៖ កិច្ចការព្រំដែន៖ ប្រទេសទាំងពីរ បានផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានចុះហត្ថលេខាលើកំណត់ហេតុស្តីពីការផ្លាស់ប្តូរលិខិតតូបករណ៍សច្ចាប័ននេះ។ ជាមួយមូលដ្ឋានច្បាប់ដ៏រឹងមាំនេះ កម្ពុជារំពឹងថា ភាគីទាំងពីរនឹងអនុវត្តន៍បានឆាប់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ។ ជាពិសេសការកំណត់ខ្សែបន្ទាត់ព្រំដែនដើរតាមផ្លូវទឹក និងបណ្តោយព្រំដែនទាំងមូលតាមការឯកភាពគ្នា ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តន៍តាមគោលការណ៍ឧត្តនវានុវត្តន៍អន្តរជាតិដែលមានចែងក្នុងប្រការ២សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវឆ្នាំ២០២៣។
កិច្ចការទី៦ គឺភាគីទាំងពីរ បានពិភាក្សាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ អប់រំ កីឡា និងកសិកម្មផងដែរ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវ។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសឡាវ នាពេលនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំង ពង្រឹង មូលដ្ឋានគ្រឹះដើម្បីវឌ្ឍនភាព និងវិបុលភាពសម្រាប់ផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំង ពីរ។
កម្ពុជា និងឡាវ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦។ ទំនាក់ទំនងកម្ពុជា និងឡាវត្រូវបានលើកកម្ពស់ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩៕