(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Dr. Beat Richner ប្រធានមូលនិធិ និងស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានផ្ញើលិខិតថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកទេសរដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចូលរួមចំណែក ក្នុងការជួយ ឧបត្ថម្ភថវិកាបន្ថែម បានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ជូនដល់មូលនិធិគន្ធបុប្ផា ។
គេហទំព័រ Facebook ជាផ្លូវការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) សូមថ្លែងអំណរគុណ ចំពោះការរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឧបត្ថម្ភបន្ថែមជូនដល់មូលនិធិគន្ធបុប្ផា ដោយប្រើប្រាស់ចំណូល ទទួលបានពីថ្លៃប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចំពោះភ្ញៀវទេសចរបរទេសម្នាក់ៗ ក្នុងចំនួន២ដុល្លារអាមេរិក។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងតម្លៃលក់ប័ណ្ណ ចូលទស្សនា រមនីយដ្ឋានអង្គរ ហើយតម្លៃប័ណ្ណដែលលក់ឲ្យ ភ្ញៀវទេសចរបរទេសម្នាក់ ត្រូវដក២ដុល្លារ ដើម្បីបញ្ចូលក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។
ប្រភេទប័ណ្ណដែលចូលទស្សនាមាន៣ប្រភេទ ដែលទី១-ចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ, ទី២-ចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ ដែលមានសុពលភាពរយៈពេល១០ថ្ងៃ និងទី៣-តម្លៃ ៧២ដុល្លារ ចូលទស្សនាបាន៧ថ្ងៃ មានសុពលភាពរយៈពេល៣០ថ្ងៃ៕