(ឧត្តរមានជ័យ)៖ សមិទ្ធិផលនានា នៅវត្តពុទ្ធិជោតមហាវ័ន្តភារៈបាត់ថ្កៅ ស្ថិតនៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលសាងសង់អស់ថវិកាចំនួន ៣៣១០១៣ដុល្លារ ត្រូវបានរៀបចំពិធី បញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រោមវត្តមានលោក រឹទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋជិតឆ្ងាយជាច្រើន អង្គ/អ្នក ទូទាំងស្រុកចុងកាល់។

នៅក្នុងឱកាសនេះដែរ លោក រឹទ្ធី ប៉ាក់ បានថ្លែងផ្តាំផ្ញើនៅការសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដែលតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ និយាយដោយឡែកប្រជាពលរដ្ឋនៅស្រុកចុងកាល់របស់យើង។

លោក រឹទ្ធី ប៉ាក់ ក៏បានថ្លែងកោតសរសើរដល់លោកចៅគ្រូអធិការវត្ត អាចារ្យ គណៈកម្មាការ អាជ្ញាធរភូមិ ឃុំ ស្រុក តាជី យាយជី សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួម កសាងសមិទ្ធិផល នៅក្នុងវត្តរួមមាន៖ស្រះទឹក១កន្លែង សាលាធម្មសភា១ខ្នង កុដិថ្ម១ ព្រះវិហារ១ខ្នង ដោយចំណាយថវិកាសាងសង់សរុបចំនួន៣៣.១០១៣ដុល្លារ។

លោកអភិបាលស្រុកចុងកាល់ បានថ្លែងបញ្ជាក់ទៀតថា ការកសាងសមិទ្ធិផលនៅក្នុងវត្តថ្ងៃនេះ គឺជាចំណុចវិជ្ជមាន នៃការរីកចម្រើនរបស់ប្រទេសកម្ពុជា ទាំងផ្នែកពុទ្ធចក្រ ទាំងអាណាចក្រ លើមូលដ្ឋាននៃសុខសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះកន្លងមកនេះ របស់សម្តេចតេជោ ហ៊ុន សែន។លោកថាផ្នែកអាណាចក្រដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺកំពុងតែដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍគ្រប់វិស័យថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។

លោក រិទ្ធី ប៉ាក់ ក៏បានថ្លែងអំពាវនាវឲ្យបងប្អូនយើងបន្តចូលរួមថែក្សាសុខសន្តិភាព ដែលដណ្តើមបានតាមរយៈនយោបាយឈ្នះឈ្នះ ឱ្យស្ថិតស្ថេរយូអង្វែង និងប្រឆាំងដាច់ខាតអ្នកដែលបំផ្លាញសុខសន្តិភាព សូមបន្តគាំទ្រនូវយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលពេលនេះ កំពុងស៊ីជម្រៅការកែទម្រង់ បន្តចូលរួមគាំទ្រការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពិសេសអំពើហិង្សាក្នុងគ្រួសារ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបញ្ហាផ្សេងៗទៀត ឲ្យបានល្អ៕