(សៀមរាប)៖ ក្រុមហ៊ុនខ្មែរ និងបរទេស ដែលមានកិត្តិនាមល្បាញល្បីបានចាប់ដៃគ្នាបោះទុនវិនិយោគសន្ធឹកសន្ធាប់ដាំដំណាំពោតលើផ្ទៃដីទំហំ១ពាន់ហិកតា នៅក្នុងស្រុកបាងគង ខេត្តសៀមរាប ជាមួយបច្ចេកវិទ្យាកសិកម្មដ៏ទំណើប។
កសិដ្ឋានដំណាំពោតដ៏ធំលើទឹកដីខេត្តសៀមរាប ត្រូវបានបើកជាដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។ កសិដ្ឋានដំណាំពោតនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក (AG AGRIBUSINESS ASIA (CAMBODIA) CO., LTD.) និងក្រុមហ៊ុន ING Holdings Co.,Ltd ស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក អ៉ឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co.,Ltd) បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែងឱ្យគម្រោងកសិដ្ឋានដំណាំពោតនេះអាចដំណើរការ និងលេចចេញជារូបរាងបានតាមការគ្រោងទុក។ លោកបានបន្តថា ក្រៅពីការអភិវឌ្ឍគម្រោងដ៏ធំនៅរាជធានីភ្នំពេញ គឺទីក្រុងរណប អ៉ឹង ស៊ីធី(ING City) ក្រុមហ៊ុនបានដាក់គោលដៅអភិវឌ្ឍដ៏សំខាន់នៅខេត្តសៀមរាប ជាពិសេស គឺកិច្ចសហការប្រកបដោយយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា (ខេមបូឌា) ឯ.ក ក្នុងវិស័យកសិកម្ម ដាំដំណាំពោតលើផ្ទៃដីប្រមាណ ១,០០០ហិកតា ដោយមានការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មដ៏ទំនើបចុងក្រោយ នឹងបង្កើនភាពប្រកួតប្រជែង និងមុខមាត់ខេត្តសៀមរាប កើនឡើងមួយកម្រិតទៀត។
លោក អ៉ឹង ស៊ីវខូវ បានចាត់ទុកសកម្មភាពវិនិយោគនេះ ឆ្លុះបញ្ចាំងការចូលរួមចំណែកស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដ៏មុតស្រួច ក្នុងយុគសម័យថ្មីនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់អ្នកបន្តវេនដ៏វៃឆ្លាត ប្រកបដោយថាមពល និងភាពប៉ិនប្រសព្វ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
យោងតាមការលើកឡើងរបស់លោក Benjamine Bootle នាយកគ្រប់គ្រងក្រុមហ៊ុន អេជី អេហ្រ្គីប៊ីហ្សនេស អេស៊ា បានឱ្យដឹងថា គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺការនាំមកនូវកសិកម្មបែបទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ជាមួយការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីធ្វើបដិវត្តន៍ការអនុវត្តកសិកម្ម និងជួយសម្រួលប្រាក់ចំណូលរបស់កសិករ ក៏ដូចជាការរួមបញ្ចូលនៃកសិកម្មបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
លោកបានបន្តទៀតថា កសិដ្ឋានមានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្រ្តកម្រិត ខ្ពស់ និងមានការកែច្នៃទឹកប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។ ការវិនិយោគរបស់ក្រុមហ៊ុន នឹងបង្កើតឱកាសការងារថ្មីសម្រាប់ស្ត្រី និងបុរសនៅក្នុងវិស័យកសិកម្ម ជាមួយភាពរីកចម្រើនក្នុងឧស្សាហកម្មដែលកំពុងវិវឌ្ឍន៍ទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មីឱ្យមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។
តាមរយៈការវិនិយោគនេះ ក្រុមហ៊ុនសម្លឹងឃើញថា ពោតជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ និងមានសក្តានុពលសម្រាប់កសិករក្នុងស្រុក ហើយនេះក៏ជាឱកាសសម្រាប់កសិករក្នុងស្រុកសហការជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលដែលមានស្ថេរភាព ដោយការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតរបស់កសិដ្ឋាននឹងនាំឱ្យទិន្នផលកើនខ្ពស់ជាងការប្រើប្រាស់វិធីសាស្ត្រដាំដុះបែបធម្មតារហូតដល់៣ដង។ តាមរយៈការផលិតពោតក្នុងស្រុក នឹងកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងពង្រឹងសន្តិសុខស្បៀងសម្រាប់កម្ពុជា។ ជាពិសេសនាថ្ងៃអនាគត ក្រុមហ៊ុនចង់ឃើញតំបន់នេះពោរពេញទៅដោយដំណាំចម្រុះរួមមាន កប្បាស សណ្តែកសៀង គ្រាប់ធញ្ញជាតិ និងស្រូវដែលផ្តល់ទិន្នផលខ្ពស់ ដោយដំណាំទាំងនេះមិនត្រឹមតែរក្សាស្ថេរភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺរួមចំណែកដល់និរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងអាជីវកម្មប្រកបដោយនិរន្តរភាពដល់អ្នកជំនាន់ក្រោយផងដែរ។
ក្រៅពីការធ្វើពិពិធកម្មដំណាំ ក្រុមហ៊ុនក៏កំពុងវិនិយោគលើការធ្វើកសិកម្មប្រកបដោយនិរន្តរភាពផងដែរ ដោយអនុវត្តលើកកម្ពស់សុខភាពដី និងការប្រមូលផ្តុំកាបូន តាមរយៈការទទួលយកបច្ចេកវិទ្យាកែលម្អដី និងបច្ចេកទេសចាប់យកកាបូនដោយប្រើផេះអង្កាម ដែលអាចជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងថែរក្សាធនធានធម្មជាតិ។
ក្នុងពិធីសម្ពោធកសិដ្ឋាននោះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងសាទរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស-អេស៊ា (ខេមបូឌា) ឯ.ក ដែលបានជ្រើសយកខេត្តសៀមរាប សម្រាប់ការវិនិយោគដាំដំណាំពោតលើផ្ទៃដីប្រមាណ ១,០០០ហិកតា ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន រដ្ឋបាលខេត្ត សង្ឃឹមថា ក្រុមហ៊ុននឹងបន្តបង្កើនការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍ និងរួមចំណែកបង្កើនការងារ និងមុខរបរដល់ប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្តសៀមរាប បានបន្តថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសនៅតំបន់ជនបទដែលបង្ហាញពីភាពរឹងមាំរបស់វិស័យកសិកម្ម។ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប បានកំណត់អាទិភាពខ្ពស់ទៅលើការវិនិយោគ លើសហ-គ្រាសធុនតូច និងមធ្យម ដែលខេត្តត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការពង្រីកសក្តានុពល បង្កើនបុខរបរ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលផ្តោតទៅលើសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការកែច្នៃដំណាំកសិឧស្សាហកម្មជាដើម ដើម្បីភ្ជាប់ជាមួយនឹងសក្តានុពលរបស់ខេត្តដែលមានស្រាប់ ហើយនេះជាឱកាសល្អដែលខេត្តសៀមរាបទទួលបានការវិនិយោគពីក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស អេស៊ា(ខេមបូឌា)ឯ.ក។
លោក អ៉ឹង គឹមលាង បានគូសរំលេចថា តាមរយៈការដាក់ទុកវិនិយោគនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា នឹងបានស្រូបយកកម្លាំងពលកម្ម ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ពិសេសក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង ទាំងនេះពិតជាបានរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ហើយពិតជាបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕