(ព្រះវិហារ)៖ លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានណែនាំរដ្ឋបាលស្រុក ភូមិ ឃុំ និងមន្ត្រីជំនាញ ចំណុះរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ ត្រូវសហការជាមួយឧទ្យានឫស្សីត្រឹប ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ធនធានធម្មជាតិ តាមការស្នើសុំរបស់ឧទ្យានឱ្យមានប្រសិទ្ធិភាព។

ការថ្លែងរបស់លោក សុខ សាន្តតារ៉ា ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំស្តីពី «វិធានការណ៍ផ្ទេរប្រជាពលរដ្ឋ១៥គ្រួសារ និងការទប់ស្កាត់ការពង្រីកក្បាលដី បទល្មើសព្រៃឈើ និងធនធានធម្មជាតិ ក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» នៅសាលាស្រុកឆែប នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សូត្រ សំណាង ប្រធានឧទ្យានតេជោសែនឫស្សីត្រឹប អាជ្ញាធរស្រុកឆែប និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងនាឱកាសនេះ លោក សុខ សាន្តតារ៉ា បានថ្លែងលើកឡើងពីគោលបំណងនៃកិច្ចប្រជុំ និស្មារតីអង្គប្រជុំរវាងលោក គីម រិទ្ធី និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ ស្តីពីការប្រគល់ភារកិច្ចដល់រូបលោក ដើម្បីដឹកនាំអនុវត្តការងារក្នុងនាមខេត្ត និងឱ្យរដ្ឋបាលស្រុកឆែបសហការជាមួយក្រុមការងារឧទ្យាន បរិស្ថាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

លោក សូត្រ សំណាង ប្រធានឧទ្យានតេជោសែនឫស្សីត្រឹប បានថ្លែងបង្ហាញពីប្រវត្តិសារបាននៃការដោះស្រាយ និងចុះបញ្ជីក្បាលដីទាំង៣១៥ក្បាល ក្នុងនោះមាន៣១គ្រួសារដែលត្រូវផ្ទេរចេញ ប៉ុន្តែបច្ចុប្បន្ននេះនៅសល់ ១៥គ្រួសារទៀត ដែលមិនទាន់ផ្ទេរចេញនៅឡើយ រីឯ២៨៤ក្បាលដីទៀតរក្សាការអាស្រ័យផលដដែល តែហាមពង្រីកក្បាលដី។

លោក សូត្រ សំណាង បានស្នើសុំចំនួន៤ចំណុច៖

*ស្នើរៀបចំនិតិវិធី និងពន្លឿនការផ្ទេរលោក វ៉ាន់ សារ៉ោន និងប្រជាពលរដ្ឋ១៤គ្រួសារ (សរុប១៥គ្រួសារ) ដោយចេញសេចក្តីជូនដំណឹង។ ករណីមិនផ្ទេរចេញសុំប្រើនិតិវិធីតុលាការ។
*ស្នើអញ្ជើញប្រជាពលរដ្ឋ៥គ្រួសារ ដែលពង្រីកក្បាលដី ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ និងប្រគល់ដីមកឧទ្យានវិញ។
*ស្នើក្រុមចម្រុះរដ្ឋបាលស្រុក សហការចុះពិនិត្យ និងទប់ស្កាត់ការពង្រីកក្បាលដីបម្តទៀត។
*ស្នើអញ្ជើញមេភូមិដងផ្លិត និងឈ្មោះ សួន សុឃីន ដែលបានរំលោភយកដីបម្រុងសម្រាប់ត្រៀមប្រជាពលរដ្ឋ៣១គ្រួសារ ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ និងប្រគល់ដីមកឧទ្យានវិញ។

ក្រោយពីបានស្តាប់ការរៀបរាប់ពីប្រវត្តិសារបាន នៃការដោះស្រាយ និងចុះបញ្ជីក្បាលដីទាំង៣១៥ក្បាល ដោយលោកប្រធានឧទ្យានតេជោសែនឫស្សីត្រឹបរួចមក លោក សុខ សាន្តតារ៉ា បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖

*រដ្ឋបាលស្រុកឆែប ត្រូវចេញសេចក្តីជូនដំណឹងទៅឈ្មោះ វ៉ាន់ សារ៉ោន និងពលរដ្ឋ១៤គ្រួសារទៀត ដើម្បីឱ្យធ្វើការរុះរើផ្ទះទៅនៅដីបម្រុងដែលមានស្រាប់ដោយទុកពេលកំណត់ជាក់លាក់។
*ករណីបើមិនរុះរើទេ នឹងអនុវត្តតាមវិធានការច្បាប់ជាធរមាន។
*រដ្ឋបាលស្រុក ភូមិ ឃុំ និងមន្ត្រីជំនាញ សហការជាមួយឧទ្យានឫស្សីត្រឹប ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ធនធានធម្មជាតិ តាមការស្នើសុំរបស់ឧទ្យានខាងលើ ឱ្យមានប្រសិទ្ធិភាព៕