(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា ការបិទកំណាត់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យនាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ គឺជាវិធានការដើម្បីថែររក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ។ លោកថា ស្ថានភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញកាន់តែអាក្រក់ប្រសិនបើទុកឲ្យគណបក្សសង្រ្គោះ (CNRP) កែនប្រជាពលរដ្ឋ និងសកម្មជនរបស់ខ្លួនធ្វើការដង្ហែក្បួនក្នុងរាជធានីភ្នំពេញនោះ។
កងកម្លាំងសមត្ថកិច្ចរបស់រាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដាក់ប៉ារ៉ាស់បិទកំណាត់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពោលគឺបិទកំណាត់ផ្លូវចូលទៅកាន់ទីស្នាក់ការគណបក្សសង្រ្គោះជាតិតែម្តង។ ការបិទផ្លូវនេះ បាននាំឲ្យមានការកកស្ទះចរាចរណ៍ជាខ្លាំងផងដែរ។
បើតាមលោក ប៉ា សុជាតិវង្ស ការបិទផ្លូវជាតិលេខ២នេះ ជាវិធានការទប់ទល់នឹងក្បួនដង្ហែញត្តិរបស់គណបក្សសង្រ្គោះជាតិ ដែលលោកថា នឹងធ្វើឲ្យមានការប៉ះពាល់ខ្លាំងដល់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ប្រសិនបើត្រឹមគណបក្សសង្រ្គោះជាតិយកញត្តិទៅដាក់តាមស្ថានទូតតាមធម្មតា នោះអាជ្ញាធរមិនរារាំងឡើយ តែគណបក្សសង្រ្គោះជាតិបានកែនប្រជាពលរដ្ឋ ពីតាមបណ្តាខេត្ត និងសកម្មជនមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីដង្ហែញត្តិនេះ។
លោកបានថ្លែងដូច្នេះ «ជាក់ស្តែងគាត់បានធ្វើចលនាមនុស្សពីខេត្ត ចលនាសកម្មជនមួយចំនួននៅក្នុងទីក្រុងបង្កើតឲ្យមានស្ថានភាពអ៉ីចឹង របៀបធ្វើនយោបាយអ៉ីចឹង យកប្រជាជនមកធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់សណ្តាប់ធ្នាប់អ៉ីចឹង វាអាក្រក់អាក្រីណាស់ វាលំបាកណាស់ ដែលយើងមិនអាចទទួលយកបានទេ។ ដូច្នេះហើយជាបញ្ហា ដែលយើងប្រកាន់ឥរិយាបថមួយឲ្យច្បាស់លាស់ ហើយការងារនេះ មិនប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យអីទេ»។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ផងដែរថា ប្រសិនបើគណបក្សសង្រ្គោះជាតិ នៅតែមានចេតនាធ្វើការដង្ហែក្បួន នោះវិធានការរក្សាសណ្តាប់ធ្នាប់នឹងមិនត្រូវដកថយនោះឡើយ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានទទូចទៅបក្សនយោបាយ និងសង្គមស៊ីវិល ឲ្យបញ្ឈប់ការយករូបភាពប្រជាពលរដ្ឋមកដង្ហែក្បួនជាលេសសម្តែងមតិ ដែលវាធ្វើឲ្យប៉ះពាល់ខ្លាំងដល់សន្តិសុខសណ្តាប់ក្នុងរាជធានីភ្នំពេញ។
លោកបានអំពាវនាវដូច្នេះ «ខ្ញុំសូមអំពាវនាវដល់គណបក្សនយោបាយ និងសង្គមស៊ីវិល មិនគប្បីយករូបភាពមហាជនដើរក្បួន ឬជិះឡានតាមក្បួន មកធ្វើជាហេតុផល នៃការសម្តែងមតិ មិនគួរប្រើប្រាស់រូបភាពនេះទេ ធ្វើឲ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ ទីក្រុងហ្នឹងមិនមែនរបស់យើងម្នាក់ឯណា។ យើងត្រូវគិតមនុស្ស ៣លាននាក់ ដែលត្រូវការទីក្រុងនេះ ចរាចរណ៍រាល់ថ្ងៃ អ៉ីចឹងយើងយកផលប្រយោជន៍យើងមួយ បំផ្លាញផលប្រយោជន៍អ្នកដទៃ អាហ្នឹងជាបញ្ហាគ្រោះថ្នាក់ណាស់»។
បើទោះបីជាយ៉ាងណារហូតដល់ម៉ោងជិត ១២ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ កំណាត់ផ្លូវជាតិលេខ២ ត្រូវបានបើកឲ្យដំណើរការឡើងវិញហើយ ខណៈញត្តិរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានតំណាងរាស្រ្តយកទៅដាក់តាមទូតមួយចំនួនផងដែរ៕