(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៤ខែ របស់ក្រុមការងារទី២ ដើម្បីតាមដានវឌ្ឍនភាពការងារ បញ្ហាប្រឈម ត្រួតពិនិត្យការអនុវត្តគោលការណ៍ វិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដាក់ផែនការត្រៀមចុះតាមច្រកទ្វារព្រំដែន ដើម្បីទទួលពលករកម្ពុជា ដែលវិលត្រលប់មកពីប្រទេសថៃ ចូលមកស្រុកកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានដាក់ចេញវិធានការដល់អនុប្រធាន និងសមាជិកក្រុមការងារទី២ ត្រូវក្រើនរំលឹកដល់អាជ្ញាធរសមត្ថកិច្ចត្រូវបង្កើនស្មារតីទទួលខុសត្រូវក្នុងការគ្រប់គ្រង និងជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរដែលឆ្លងដែនចូលមកទឹកដីកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់នូវលំហូរស្ថិតិរបស់ប្រជាពលរដ្ឋដែលឆ្លងដែនចូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រៅពីនេះ ប្រធានក្រុមការងារទី២ បាននែណាំដល់សមាជិកក្រុមការងារ ពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពីការផ្តល់សេវាប័ណ្ណព្រំដែនជូនពួកគាត់ ដោយគ្មានការរើសអើង មិនឱ្យមានការយកកម្រៃក្រៅសេវាផ្លូវការ និងត្រូវបិទច្រករបៀងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាចុងបញ្ចប់លោក សៀក សុជាតិ បានសំណូមពរដល់សមាជិកអង្គប្រជុំ ត្រូវចូលរួមអនុវត្តវិធាវការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលឱ្យបានម៉ឹងម៉ាត់និងហ្មត់ចត់ និងចូលរួមដោះស្រាយភាពមិនប្រក្រតីដែលកើតមានឡើង តាមបណ្តោដោយព្រំដែន មិនឱ្យមានការបង់ប្រាក់ក្រៅផ្លូវការដោយឈរលើអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល​និងវះកាត់៕