(ព្រះសីហនុ)៖ តំបន់ទេសចរណ៍មួយចំនួនរបស់ខេត្តព្រះសីហនុ នៅតែជាគោលសំខាន់របស់ក្រុមបវរកញ្ញាមកពីជុំវិញពិភពលោក ដែលជាបេក្ខភាព Universal Woman 2024 ព្រោះនេះជាលើកទី២ហើយ ដែលក្រុមបវរកញ្ញា បានមកទស្សនកិច្ចនៅខេត្តព្រះសីហនុ។ ជាក់ស្តែង នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បានមកដល់ទឹកដីក្រុងព្រះសីហនុម្តងទៀត។

ជាមួយគ្នានោះ រដ្ឋបាលខេត្តព្រះសីហនុមានលោក ម៉ាង ស៊ីណេត អភបាលរងខេត្ត ជាអ្នកដឹកនាំក្រុមការងារ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយក៏បានរៀបចំរបាំប្រពៃណីខ្មែរ (របាំត្រុដិ) វត្ថុអនុស្សាវរីយ៍ ដើម្បីសម្តែងនូវត្រេកអរ និងទទួលដំណើរវិលត្រលប់មកទស្សនកិច្ចជាលើកទី២ របស់ក្រុមបវរកញ្ញា Universal Woman 2024 ចំនួន៥០ប្រទេស មកពីជុំវិញពិភពលោក ការទទួលដំណើរនេះ គឺធ្វើឡើងនៅកំពង់ផែរទេសចរណ៍ ខេត្តព្រះសីហនុ។

នៅយប់ថ្ងៃដដែល ក្រុមបវរកញ្ញាបានបន្តចេញដំណើរទៅកោះរ៉ុង ឆ្នេរឋានសួគ៍ (MAFIYA Resort) ដើម្បីទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នាពេលរាត្រីរយៈពេល១យប់១ថ្ងៃ ក្នុងឱកាសដ៏រីករាយនេះ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំនូវអាហារប៊ូហ្វេ តន្រ្តីកំដរអមដោយបរិយាកាសល្អ ឆ្នេរស្រស់ស្អាត ខ្យល់បរិសុទ្ធ។

យ៉ាណាមិញ ដើម្បីបង្កើតឲ្យមានពេល និងអនុស្សាវរីយ៍ល្អលើទឹកដីកោះ នៃខេត្តព្រះសីហនុ ក្រុមការងារ ក៏បាននាំយកល្បែងប្រជាប្រិយខ្មែរមួយចំនួនរួមមាន៖ វាយក្អម, រាំដណ្ដើមកៅអី, លែងដណ្តើស្លឹកឈើ ជាពិសេសមានពិធី បាញ់កាំជ្រួចផងដែរ ដែលធ្វើឲ្យក្រុមបវរកញ្ញាទទួលបាននូវអារម្មណ៍សប្បាយរីករាយ រំភើបជាខ្លាំងក្រោយទទួលបានពីការលែងល្បែងប្រិយខ្មែរយើង។

ក្រោយត្រឡប់ពីកោះវិញនៅព្រឹកថ្ងៃទី២៤ បវរកញ្ញា បានបន្តទស្សនកិច្ចនូវទីតាំងសំខាន់ៗមួយចំនួនទៀតរបស់ខេត្តរួមមាន៖ ថតរូបអនុស្សាវរីយ៍នៅរង្វង់មូលតោពីរ, ទីតាំងខ្មែរធ្វើបាន, និងតំបន់ដែលទើបតែកំពុងអភិវឌ្ឍន៍ថ្មី Bay Of Light (ឆ្នេររាម)។

ជាមួយកម្រងអនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចជាលើកទី២ ក្នុងរយៈពេល១យប់ ១ថ្ងៃនេះ បវរកញ្ញា Universal Woman 2024 ចំនួន៥០ប្រទេសមកពីជុំវិញពិភពលោកបានពោលពាក្យចេញពីដួងចិត្តថា ស្រលាញ់ប្រទេសកម្ពុជា ស្រលាញ់ទឹកដីខេត្តព្រះសីហនុពេញបេះដូង ពោលគឺជាប់ចិត្តទៅសម្រស់ឆ្នេរដ៏ស្រស់ស្អាត ជាមួយទឹកពណ៌ខៀវស្រងាត់ជាមួយខ្យល់បរិសុទ្ធ។

ដើម្បីទទួលបាននូវភាពកក់ក្តៅ និងសុខសុវត្តិភាពនោះ ក្នុងដំណើរទស្សនកិច្ចក៏មានកម្លាំងអាជ្ញាធរមានសមត្ថកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ទាំងដីគោក និងដីកោះជូនផងដែរ។ គូសបញ្ជាក់ថា ការចូលមកទស្សនកិច្ចរបស់បវរកញ្ញាជាង៥០ប្រទេសលើកទី១ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤កន្លងទៅ៕