(ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានតែងតាំងជាសម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០០៦ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
ព្រះអង្គបានប្រសូត្រនៅឆ្នាំ១៩៣២។ ទ្រង់បានបួសអស់រយៈពេល៤៥ឆ្នាំ ដែលគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ទ្រង់យាងចូលព្រះទិវង្គត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងជន្មាយុ៩៣ ព្រះវស្សា។ ព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស នឹងត្រូវបូជា នៅថ្ងៃទី៣ ខែមីថុនា ឆ្នាំ២០២៤ បន្ទាប់ពីតំកល់ព្រះបរមសពនៅវត្តឧណ្ណាលោមចំនួន១០០ថ្ងៃ ដើម្បីឱ្យសាធារណជន ចូលរួមគោរបូជា។
ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្តជាច្រើន ទាំងផ្នែកសាសនា ការចូលរួមចំណែកសាងសង់សមិទ្ធផលនានាក្នុងសង្គម និងការកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
ដើម្បីជ្រាបកាន់តែច្បាស់អំពីស្នាព្រះហស្តរបស់សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស សូមទស្សនាកិច្ចសម្ភាសន៍រវាងបណ្តាញព័ត៌មាន Fresh News ជាមួយព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះគ្រូសូត្រស្តាំ និងព្រះគ្រូសូត្រឆ្វេង ព្រះកិត្តិធម្មវង្ស ស្រី ណារុននៃវត្តឧណ្ណាលោម ដូចតទៅ៖