(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានអះអាងថា គណបក្សសង្រ្គោះជាតិ បានសម្តែងការសោកស្តាយចំពោះអាជ្ញាធរ ដែលបានបិទផ្លូវជាតិលេខ២ ក្បែរទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីរារាំងសកម្មភាព របស់ខ្លួនមិនឱ្យហែញត្តិ។

ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បានអះអាងថា ការបិទផ្លូវនេះ គឺជាវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ មិនមែនជារឿងខុសច្បាប់នោះទេ។

លោក ច័ន្ទយ៉ាដា បាននិយាយថា «យើងគ្រាន់តែទប់មិនឱ្យមានការហែក្បួន ព្រោះការហែក្បួនម្តងៗវាធ្វើឱ្យមានការប៉ះពាល់ដល់ និងរំខានទៅដល់ប្រក្រតីភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។ យើងឃើញហើយ ពេលនេះ អ្នកនៅភ្នំពេញ គាត់ធ្វើការធម្មតា កូនសិស្សគាត់ទៅរៀនធម្មតា មិនមានអ្វីប៉ះពាល់ពីការបិទផ្លូវនេះទេ»

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងនៅក្នុងសន្និសីទកាសែទមួយ នៅព្រឹកមិញថា គណបក្សរបស់លោក មានការសោកស្តាយណាស់ ចំពោះវិធានការបិទផ្លូវ របស់អាជ្ញាធរ។ លោកថា ការបិទផ្លូវនេះ ជាការបិទសិទ្ធិរបស់ប្រជាពលរដ្ឋ។

លោកថា «ការបិទនេះ មិនមែនបិទមិនឱ្យគណបក្សសង្រ្កោះជាតិនាំញត្តិ ដាក់នៅតាមស្ថានទូតទេ គឺបិទសិទ្ធិសេរីភាពក្នុងការដើរហើ របស់បងប្អូនប្រជាពលរដ្ឋទាំងស្រុងតែម្តង»

លោកបានបន្ថែមទៀតថា «អាជ្ញាធរមិនគួរព្រួយបារម្ភ ហួសហេតុពេកទេ គម្រោងរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃចន្ទនេះ គឺយើងជួបជុំជាមួួយប្រជាពលរដ្ឋ​នៅទីស្នាក់ការកណ្តាល ដើម្បីបង្ហាញជំហររបស់ក្រុមសមាជិកសភា ហើយបន្ទាប់មកក្រុមសមាជិកសភា នឹងយកញត្តិដាក់នៅស្ថានទូត នៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសតែប៉ុណ្ណោះ ប៉ុន្តែយើងសោកស្តាយដែលអាជ្ញាធរភ័យស្លន់ស្លោខ្លាំងពេក»


យ៉ាងណាក៏ដោយ លោក មាន ច័ន្ទយ៉ាដា បានអះអាងថា អាជ្ញាធរមិនបានរារាំងគណបក្សសង្រ្គោះជាតិក្នុងការដាក់ញត្តិនោះទេ គ្រាន់តែអាជ្ញាធរមិនអនុញ្ញាតឱ្យមានការហែក្បួនប៉ុណ្ណោះ។ លោកថា ពេលនេះតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ក៏បានយកញត្តិទៅប្រគល់ជូនដល់ស្ថានទូត មួយចំនួនផងដែរ។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានប្រកាសអំពីការហែក្បួនដាក់ទៅកាន់ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស នៅថ្ងៃទី០៥ ខែកញ្ញានេះ ដើម្បីឱ្យប្រទេសទាំងនោះអន្តរាគមន៍បើកផ្លូវឲ្យថ្នាក់ ដឹកនាំទាំង២រូបរបស់ខ្លួន ធ្វើនយោបាយដោយបើកចំហរ។ គណបក្សសង្រ្គោះជាតិបានអះអាងថា ប្រទេសកម្ពុជាពេលនេះ ដើរឃ្លាតឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យ។ ប៉ុន្តែមន្រ្តីរាជរដ្ឋាភិបាល បានចាត់ទុកថា រឿងនេះជាការយល់ខុសរបស់ គណបក្សប្រឆាំង៕