(សេអ៊ូល)៖ សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានចេញផ្សាយនៅមុននេះបន្តិចថា ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីលចំនួន ៣គ្រាប់នៅព្រឹកថ្ងៃចន្ទនេះ អំឡុងពេល ដែលមេដឹកនាំពិភពលោកនានា ដូចអាមេរិក ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី បារាំង អង់គ្លេស និង ចិន ព្រមទាំងអង្គការសហប្រជាជាតិជាដើម កំពុងចូលរួមកិច្ចប្រជុំ G20 នៅទីក្រុងហាងចូវ ភាគខាងកើតប្រទេសចិន។
សារព័ត៌មានបានចេញផ្សាយបន្តទៀតថា ប្រទេសកូរ៉េខាងជើងបាន បាញ់គ្រាប់មីស៊ីលផ្លោង ធ្លាក់ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន កាលពីវេលាម៉ោង ១២៖១៤នាទីថ្ងៃត្រង់ ម៉ោងនៅទីក្រុងសេអ៊ូល នាថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។ តាមការចាប់សញ្ញាពី ផ្កាយរណបកូរ៉េខាងត្បូង គ្រាប់មីស៊ីល ទាំងបីគ្រាប់ខាងលើនេះត្រូវបានបាញ់ចេញពី តំបន់ Hwangju ភាគខាងលិចនៃ ខេត្ត North Hwanghae របស់ប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថា ការបង្កហេតុថ្មីបំផុតនេះ មិនត្រឹមតែជាការរំលោភទៅនឹងទណ្ឌកម្មរបស់ UN ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទង្វើមិនសមរម្យខ្លាំងណាស់ដែរ នៅអំឡុងពេលដែលបណ្តាមេដឹកនាំ ស្ថានប័ន និងបណ្តាប្រទេសធំៗនៅលើសកលលោក កំពុងតែចូលរួមកិច្ចប្រជុំនៅទីក្រុងហាងចូវ ប្រទេស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាននោះឡើយពីប្រទេសកូរ៉េខាងជើង។
វាបានកើតឡើងបន្ទាប់ពីលោក ស៊ី ជីនពីង បញ្ចប់កិច្ចពិភាក្សាទ្វេភាគីជាមួយលោកស្រី ផាក គឺនហេ ដោយក្នុងនោះប្រទេសចិន បានជំទាស់ការដាក់ពង្រាយប្រព័ន្ធ THAAD ដែលមាន អាមេរិកនៅពីក្រោយខ្នង ខណៈកូរ៉េខាងត្បូងបានបកស្រាយវិញថា អ្វីៗគ្រប់យ៉ាងគឺអាស្រ័យលើ កូរ៉េខាងជើង ដែលនឹងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់ធូរស្រាលបានឬក៏អត់នោះ៕