(ភ្នំពេញ)៖ លោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈឱសថការីជាតិ អាណាត្តិទី២ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយដែនកំណត់វិជ្ជាជីវៈឱថសការី ជូនដល់សមាជិកគណៈឱសថការី នៅរាជធានីភ្នំពេញ ដែលមានឱសថការីចំនួនជាង៨០០នាក់បានចូលរួម។

ថ្លែងក្នុងឱកាសនោះ លោកឱសថការី បាន បុត្តា បានឲ្យដឹងថា គោលបំណងកម្មវិធីនៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយឲ្យឱសថការីនៅរាជធានីភ្នំពេញយល់ដឹងពីលិខិតបទដ្ឋានគិតយុត្តផ្សេងៗ ក្នុងនាមឱសថការីគួរអនុវត្តយ៉ាងដូចម្តេចខ្លះ ដើម្បីស្របទៅច្បាប់ដែលបានកំណត់។

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏បានរំលឹកដល់ឱសថការី ត្រូវគោរពតាមដែនកំណត់វិជ្ជាជីវៈឱសថការីឲ្យបានខ្ជាប់ខ្ជួន ដើម្បីកុំឲ្យប្រឈមការដកអាជ្ញាប័ណ្ណ។

ឱសថការី ដែលចូលរួមពិធីនេះ បានយល់ឃើញថា ការចូលរួមក្នុងកម្មវិធីនាពេលនេះ គឺទទួលបានចំណេះដឹងជាច្រើនពីលិខិបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាឱសថសាស្រ្ត។ លើសពីនេះ ពួកគេប្តេជ្ញាថា នឹងគោរពដែនកំណត់វិជ្ជាជីវៈឱសថការីឲ្យបានត្រឹមត្រូវផងដែរ។

សូមជម្រាបថា ដែនកំណត់វិជ្ជាជីវៈឱសថការី ត្រូវបានបង្កើតឡើងស្របតាមលិខិតបទដ្ឋានគិតយុត្ត ដែលមានជាធរមាននៅក្នុងប្រទេសកម្ពុជា ដើម្បីធានាឲ្យបាននូវការផ្តល់ការថែទាំ និងសេវាឱសថសាស្រ្តប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈជូនដល់សាធារណៈជន។

ដែនកំណត់វិជ្ជាជីវៈឱសថការីនេះ មានរចនាសម្ព័ន្ធចែកចេញជា៦ផ្នែកសំខាន់ៗ សម្រាប់ដាក់ឲ្យឱសថការីអនុវត្ត៕