(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ និងធ្វើការថ្កោលទោសក្នុងកម្រិតធ្ងន់បំផុត ចំពោះការបំផ្ទុះគ្រាប់បែកក្នុងផ្សារត្រីមួយ នៃទីក្រុង Davao ប្រទេសហ្វីលីពីន ដែលបានសម្លាប់មនុស្ស១៤នាក់ និងរបួសជាង៦០នាក់ នាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។
បើតាមលិខិតរបស់សម្ដេចតេជោ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «អំឡុងពេលដែលយើងធ្វើការថ្កោលទោសក្នុងកម្រិតធ្ងន់បំផុត ចំពោះបទឧក្រិដ្ឋកម្ម និង អំពើភេរវកម្មដ៏សាហាវយង់ឃ្នងនេះ ខ្ញុំសូមបង្ហាញជូនចំពោះឯកឧត្តម និងក្រុមគ្រួសារ នៃជនរងគ្រោះដល់ជីវិតទាំងអស់ ក្នុងឱកាសប្រកបដោយទុក្ខក្រៀមក្រំនេះ នូវសមានទុក្ខប្រកបដោយទឹកចិត្តអាណិតអាសូ អស់ពីដួងចិត្ត សម្រាប់ការបាត់បង់មនុស្ស ដែលខ្លួនស្រឡាញ់នៅក្នុងការផ្ទុះដ៏គួរឲ្យ ភ័យខ្លាចបំផុតនោះ»។
សូមបញ្ជាក់ថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ការបំផ្ទុះគ្រាប់បែកនេះ ត្រូវបានកើតឡើងនៅផ្លូវ Roxas នៃទីក្រុងដាវ៉ាវ ប្រទេសហ្វីលីពីន ដែលត្រូវបានស្គាល់ថា ជាផ្សាររាត្រី លក់ចំណីអាហារពេលរាត្រី សម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរផ្សេងៗ ដែលទីក្រុងនោះជាស្រុកកំណើត របស់ប្រធានាធិបតី Rodrigo Duterte ដែលកន្លងមកធ្លាប់ជាប់លំដាប់ថ្នាក់ ជាទីក្រុងដ៏សុខសាន្ត បំផុតនៅហ្វីលីពីន ហើយចំនួនអ្នកស្លាប់មានការកើនឡើងរហូតដល់១៤នាក់ និងរបួសជាង៦០នាក់៕