(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ ដែលជាកត្តាសត្យានុម័តមិនអាចខ្វះបាន។

ការមានប្រសាសន៍បែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាធិបតីពិធីបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ ពិធីនេះត្រូវបានធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជាមួយការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយ ក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ ដែលជាកត្តាសត្យានុម័តមិនអាចខ្វះបាន»។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលបានប្រារព្ធទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍លើកទី២ ព្រមជាមួយការរៀបចំនូវព្រឹត្តិការណ៍អមសំខាន់ៗរួមមាន៖ ពិព័រណ៍បច្ចេកវិទ្យា និង គ្រឿងឧបករណ៍ កម្មន្តសាល, ពិព័រណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្តីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ព្រឹត្តិការណ៍ថ្ងៃនេះជាសក្ខីកម្មបង្ហាញអំពីសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តឲ្យសហគ្រាសធុនតូច និងមធ្យម តម្រង់ឆ្ពោះ និងចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ធ្វើជាសសរស្តម្ភ និងជាក្បាលម៉ាស៊ីន ក្នុងការកសាង និង អភិវឌ្ឍសហគ្រាសនានា ដើម្បីសម្រេចបានប្រព័ន្ធអេកូឡូស៊ីជាតិមួយ ប្រកបដោយនវានុវត្តន៍។

បន្ថែមពីនេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើគ្រឹះស្ថានអប់រំបណ្តុះបណ្តាល, ស្រាវជ្រាវ និង វិស័យឯកជន ជាពិសេស សហគ្រាសធុនតូច និងមធ្យម ត្រូវសហការគ្នាជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបង្កើតនូវមូលដ្ឋានរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគ្រប់វិស័យ។ ខណៈក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការគាំទ្រការដឹកនាំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឱ្យវិស័យអាទិភាពនេះ ក្លាយជាខឿននៃការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា បានប្រសើរឡើង៕