(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ លី ឈែវមីង មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្តែងការគួរសមជាមួយនាយឧត្តមនាវី តុង ជីន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីនាយឧត្ដមសេនីយ៍ លី ឈែវមីង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងគោកទាំងពីរឱ្យកាន់តែជិតស្និត រឹងមាំបន្ថែមទៀត ក្នុងគោលបំណងចូលរួមចំណែកក្នុងការគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការនៅក្រៅប្រទេស លើកទី១ ចាប់តាំងពីនាយឧត្តមសេនីយ៍ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តបតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕