Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមមេធាវីនិងលោក អ៊ុំ សំអាន ដើរចេញពីបន្ទប់សវនាការ តែតុលាការនៅបន្តនីតិវិធីដដែល

05-09-2016 11:05

(ភ្នំពេញ​)៖ ​ក្រុមមេធាវីនិងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដើរចេញពីបន្ទប់សវនាការ សាលាដំបូងរាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីដាក់សំណើឲ្យតុលាការ បញ្ឈប់សវនាការ តែតុលាការមិនយល់ព្រម ។

មេធាវី៣រូប ការពារក្ដីលោក អ៊ុំ សំអាន គឺលោក ហែម សុជាតិ, លោក ជូង ជូងី និង លោក សំ សុគង់ បាននិយាយក្នុងសវនាការថា តុលាការគ្មានសិទ្ធិបើកសវនាការ សំណុំរឿងលោក អ៊ុំ សំអាន នោះទេ ដោយលើកហេតុផល៣ចំណុច។ ទី១៖ លោក អ៊ុ សំអាន មានអភ័យឯកសិទ្ធិសភា ទី២ បណ្ដឹងសុំមោឃភាពនីតិវិធី នៅដំណើរការនៅតុលាការកំពូលនៅឡើយ និង ទី៣ ការបង្ហោះសំលេង និយាយពីបញ្ហាព្រំដែនពុំមែនជាបទល្មើសទេ។

ទោះបីយ៉ាងណា លោក ហេង សុខណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ យល់ឃើញថា សវនាការនៅព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ មិនខុសនីតិវិធីឡើយ ហើយរហូតដល់ម៉ោង១១ព្រឹកថ្ងៃដដែលនេះ តុលាការកំពុងបន្តសវនាការ បើទោះបីជាក្រុមមេធាវី និង លោក អ៊ុ សំអាន បានដើរចេញពីបន្ទប់សវនាការ ។

លោក​ អ៊ុំ សំអាន​ ជាប់​ចោទ​ពី​បទ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ (​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​)​ និង​ បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​ ​ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៦​ ៕