(ភ្នំពេញ)៖ ស្របពេលដែលគណបក្សសង្រ្គោះជាតិ គ្រោងដង្ហែញត្តិទៅកាន់ ស្ថានទូតបណ្តាប្រទេស ម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឲ្យជួយអន្តរាគមន៍លើសំណុំរឿងលើ្មសច្បាប់ របស់មេដឹកនាំខ្លួននាព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញានេះ ស្ថានទូតអាមេរិកប្រចាំនៅ កម្ពុជា ក៏បានចេញសារព្រមានភ្លាមៗផងដែរ មិនឲ្យប្រជាពលរដ្ឋរបស់ខ្លួន ឲ្យចៀសឆ្ងាយពីកន្លែងប្រមូលផ្តុំ ឬការជួបជុំរបស់គណបក្ស សង្រ្គោះជាតិ ហើយត្រូវត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលធ្វើដំណើរឆ្លងកាត់កន្លែងធ្វើបាតុកម្ម ឬប្រមូលផ្តុំទាំងនោះ។
ស្ថានទូតអាមេរិកបានរំលឹកនៅក្នុងសារនោះថា គណបក្សសង្គ្រោះជាតិ បានប្រកាសរួចហើយពីគំរោងធ្វើបាតុកម្ម នៅទីស្នាក់ការឬតំបន់ ជុំវិញទីស្នាក់ការរបស់ខ្លួនដែលមាន ទីតាំងស្ថិតនៅអគារលេខ ៥៧៦, ផ្លូវជាតិលេខ ២, និងក៏ដូចជាតំបន់ នៅជុំវិញសាលាដំបូងរាជធានី ភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយមហាវិធី សម្តេចព្រះមុន្នីរ៉េត។ ការតវ៉ាផ្សេងៗទៀតនឹងអាចកើតឡើងនៅទូទាំងរាជធានីភ្នំពេញ នៅពេញមួយសប្តាហ៍ចាប់ពីថ្ងៃ ទី០៥ ខែកញ្ញា តទៅ ក្នុងនោះរួមមានទាំងនៅទីស្នាក់ងារទាំងឡាយរបស់គណបក្សសង្គ្រោះជាតិ និង សាលាដំបូងរាជធានីភ្នំពេញ។
ស្ថានទូតអាមេរិក បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនថា «ប្រជាពលរដ្ឋអាមេរិកទាំងអស់ ត្រូវតែមានការត្រៀមទុកជាមុន និងដឹងនូវសេចក្តីណែនាំដែលមានស្រាប់របស់ស្ថានទូត ហើយបើទោះបីជាការតវ៉ានោះត្រូវបានអះអាងថានឹងធ្វើឡើង ដោយសន្តិវិធី ក៏ដោយ ក៏វាអាចឈានទៅដល់ការប្រឈមមុខដាក់គ្នា និង អាចផ្ទុះឡើងនូវ អំពើហិង្សាដោយមិនមានការព្រមានទុកជាមុនផងដែរ»។
ក្នុងសារបានបន្តថា «ស្ថានទូតអាមេរិក សូមណែនាំឲ្យ ប្រជាពលរដ្ឋចៀសវាងទៅកាន់តំបន់ទាំងឡាយ ដែលការតវ៉ាកើតមានឡើង ហើយនិងបង្កើន ការប្រុងប្រយ័ត្ន នៅពេលដែលធ្វើដំណើរ ឆ្លងកាត់ការប្រមូលផ្តុំណាមួយ ការតវ៉ា ឬ បាតុកម្ម ហើយត្រូវតែព្យាយាម ចាកចេញជាបន្ទាន់ ពីកន្លែងណាដែលមានការប្រមូលផ្តុំធំៗទាំងនោះ»។
ស្ថានទូតអាមេរិក ក៏បានក្រើនរំលឹកពលរដ្ឋខ្លួន គួរតែមានការភ្ញាក់រឮកអំពីបញ្ហាសន្តិសុខក្នុងតំបន់ ដោយត្រូវតាមដានរាល់ សេចក្តីរាយការណ៍ ព័ត៌មានក្នុងតំបន់, ការត្រៀមខ្លួនដោយប្រុងប្រយ័ត្ន, និងការរៀបចំនានា ដើម្បីរក្សាសន្តិសុខផ្ទាល់ខ្លួន។
គណបក្សសង្រ្គោះជាតិនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា នេះ គ្រោងនឹងនាំអ្នកគាំទ្ររបស់ខ្លួនដង្ហែញត្តិ ទៅកាន់បណ្តាស្ថានទូតប្រទេសជាម្ចាស់ ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាមទារឲ្យមានការអន្តរាគមន៍ទម្លាក់ចោលការចោទប្រកាន់នានាលើមេដឹកនាំរបស់ពួក គេ។ បើទោះបីជាយ៉ាងណា ការដង្ហែមិនអាចធ្វើបាននោះឡើយ ដោយសារតែកងកម្លាំងសមត្ថកិច្ចបានដាក់របាំងការពារលើកំណាត់ ផ្លូវជាតិលេខ២ ជិតកន្លែងទីស្នាក់ការគណបក្សសង្រ្គោះជាតិ៕