(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា ខេត្តព្រះវិហារ ជាខេត្តដែលមានសក្តានុពលធ្វើកសិកម្មសរីរាង្គ និងជាខេត្តផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេនៅប្រទេកម្ពុជា ដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ ស្វាយចន្ទីសរីរាង្គ សណ្តែកដីសរីរាង្គ និងល្ងសរីរាង្គ….ជាដើម។

ការថ្លែងបែបនេះរបស់លោក អ៊ុក គឹមសាន បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចូលរួមក្នុងពិធីពិពណ៍ «កសិអេកូឡូស៊ីខេត្តព្រះវិហារ» ដែលរៀបចំធ្វើឡើងនៅសួន ច្បាវិមានឯករាជ្យ ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោក លោកស្រី មកពីតាមមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក លោក លោកស្រី តំណាងក្រុមហ៊ុនឯកជន តំណាងដៃគូអភិវឌ្ឍន៍ តំណាងសហភាព សហគមន៍កសិកម្ម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។

ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក លោកស្រី មកពីតាមអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមក្នុងពិពណ៍កសិអេកូឡូស៊ី ដ៏មានសារៈសំខាន់ ដែលជាការរៀបចំ ឡើងលើកទី១ សម្រាប់ខេត្តព្រះវិហារ។

លោកបានថ្លែងអំណរគុណចំពោះគម្រោងវិវឌ្ឍនាការអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា «គម្រោងអាសិត» និងម្ចាស់ជំនួយទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង និងសហគមន៍អុឺរ៉ុប ជាពិសេសមន្ទីរកសិកម្ម​ ខេត្តព្រះវិហារ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ មជ្ឈមណ្ឌលស៊ីរ៉ាត អង្គការស្វីសខន់ថាក់ និងដៃគូកម្រោងផ្សេងៗទៀត។

លោក អ៊ុក គឹមសាន បានបញ្ជាក់ថា ពិរពណ៍កសិអេកូឡូស៊ី ដ៏មានសារសំខាន់នេះបានរៀបចំឡើងក្នុងគោលបំណងធំៗចំនួន៣គឺ៖

*ទី១៖ ដើម្បីកៀរគរ និងផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធជាពិសេសអង្គការកសិករ និងក្រុមហ៊ុនឯកជន ចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងបង្ហាញពីផលិតផល និងផលិតផលកែច្នៃនៃការអនុវត្តកសិកម្មល្អ កសិកម្មសរីរាង្គ ដែលជាផ្នែកនៃកសិអេកូឡូស៊ី ក៏ដូចជាផលប៉ះពាល់នៃការប្រើប្រាសធាតុចូលគីមី ដល់សាធារណជនជាពិសេសកសិករ និងអ្នកទទួលទានរួមផ្សំស្ត្រី និងយុវជន។

*ទី២៖ ដើម្បីបង្កើតឱកាសឱ្យភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍កសិកម្មរៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍រវៀងគ្នា ទៅវិញទៅមកទាក់ទងនឹងបញ្ហាប្រឈមនានា និងដំណោះស្រាយមានប្រសិទ្ធភាពនៃការធ្វើកសិកម្ម ជាពិសេសការកាត់បន្ថយថ្លៃដើម និងរក្សា ឬអាចបង្កើនទិន្នផល និងប្រាក់ចំណេងដោយផ្អែកលើកសិអេកូឡូស៊ី និងកសិកម្មនិរន្តរ៍ភាព។

*ទី៣៖ ដើម្បីបង្ហាញជូនដល់ភាគីពាក់ព័ន្ធ ពិសេសសហគមន៍កសិកម្មនូវចំណេះដឹងបច្ចេកទេសថ្មីៗ ដែលទទួលបានពីការងារស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ នៃគម្រោងអាសីត ក៏ដូចជាគម្រោង និងកម្មវិធីដ៏ទៃទៀតដើម្បីធានា និរន្តរ៍ភាពផលិតភាព និងប្រាក់ចំណេញពីកសិកម្មសរីរាង្គជាពិសេសដំណាំស្រូវ។

លោកអភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា គោលបំណងពិរពណ៍នៅថ្ងៃនេះ ក៏ដូចជាគម្រោងអាសីតដែលគាំទ្រ និងជំរុញបន្តការធ្វើប្រពលវប្បកម្មផ្អែកលើគោលការណ៍កសិអេកូឡូស៊ី ដើម្បីឱ្យប្រព័ន្ធស្បៀងអាហារ និងកសិកម្មមាននិរន្តរ៍ភាព សុវត្ថិភាព និងបរិយាប័ន្ន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាមន្ទីរកសិកម្ម និងរដ្ឋបាលខេត្តក្នុងការបង្កើនផលិតភាពដំណាំ កាត់បន្ថយចំណាយបង្កើនប្រាក់ចំណេញ ពង្រឹងសមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុការទទួលបានទីផ្សារត្រឹមត្រូវ និងការក្សាតម្លៃទីផ្សារ តាមរយៈកសិកម្មកិច្ចសន្យា ព្រមទាំងការថែរក្សាធនធានធម្មជាតិ និងបរិស្ថានធានាការរស់នៅពីភាពរីកចម្រើន ជីវភាពរបស់កសិករ៕