(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបពិភាក្សាធុរកិច្ចជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគវាងប្រទេសឡាវ និងកម្ពុជា។

គួរបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិរបស់ឡាវ បានចុះ អនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែកពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា និង ការផ្លាស់ប្តូរព័ត៌មានអំពីកាលានុវត្តភាព ក៏ដូចជាបច្ចុប្បន្នភាពសេដ្ឋកិច្ច៕