(សៅប៉ូឡូ)៖ អាជ្ញាធរប៉ូលិសប្រេស៊ីល បានសម្រេចចិត្តប្រើប្រាស់ ឧស្ម័នបង្ហូរទឹកបំបែក ក្រុមបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្ដុំគ្នាតវ៉ានៅថ្ងៃ អាទិត្យ នៅក្នុងទីក្រុងសៅប៉ូឡូ ដើម្បីសម្ដែងការជំទាស់ទៅនឹងការដកដំណែងលោកស្រី Dilma Rousseff កាលពីសប្ដាហ៍មុន និងការតែងតាំងលោក Michel Temer ជាប្រធានាធិបតីថ្មីជំនួស។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Channel News asia នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។

វាគឺជាបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយ ប្រឆំាងនឹងប្រធានាធិបតីប្រេស៊ីលថ្មី លោក Michel Temer ចាប់តំាងពីលោកបានចូលស្បថកាន់ដំណែងជាផ្លូវការជំនួសលោកស្រី Dilma Rousseff សម្រាប់បន្តអណត្តិរហូតដល់ឆ្នំា ២០១៩។ យោងតាមក្រុមអ្នករៀបចំបាតុកម្មតវ៉ា មនុស្សជាង ៥០,០០០នាក់ ដែលជាអ្នកគំាទ្រ Dilma Rousseff និង គណបក្សពលករ របស់ លោកស្រីបាននំាគ្នាដើរហែរជាក្បួនតវ៉ាឆ្ពោះទៅ កាន់ទីលានមួយស្ថិតនៅភាគខាងលិចទីក្រុង សៅប៉ូឡូ ដោយពួកគេបានស្រែកពាក្យស្លោកថា «ចុះចេញទៅ លោក Temer! »

ការប៉ះទង្គិតគ្នា បានកើតឡើងនៅពេលក្រុមបាតុករ បានធ្វើដំណើរតម្រង់ទៅកាន់ ស្ថានីយ៍រថភ្លើងក្រោមដី ហើយជាការឆ្លើយតប ក្រុមកងកម្លំាងរក្សាសណ្ដាប់ធ្នាប់ បានប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែកបំបែកក្រុមបាតុករ ដែលទង្វើនេះត្រូវបានក្រុមបាតុករចោទថា ជាបង្កឱ្យមាន ភាពច្របូកច្រល់ និង ការប៉ះទង្គិចគ្នា។ ក៏ប៉ុន្តែ ក្រុមអាជ្ញាធរ បានអះអាងថា ពួកគេត្រូវបង្ខំចិត្ត ធ្វើអន្តរាគមន៍ ដើម្បីបញ្ចៀសការបំផ្លិចបំផ្លាញទំាងឡាយ បន្ថែមទៀត។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យ (ពេលវេលានៅប្រេស៊ីល ត្រូវនឹងថ្ងៃចន្ទ ពេលវេលានៅអាស៊ី) បាតុកម្មតវ៉ាទ្រង់ទ្រាយតូច ប្រឆំាងនឹងលោក Michel Temer ក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុង ទីក្រុង រីយ៉ូ និង ទីក្រុង Curitiba ជាដើម ខណៈលោក Temer កំពុងចូលរួមកិច្ចប្រជុំ G20 នៅឯទីក្រុងហាងចូវ ប្រទេសចិន៕