(តូក្យូ)៖ ព្យុះទីហ្វុង Namtheun បានធ្វើឲ្យមានការបាក់ដី នៅក្បែរទីក្រុង ណាកាសាគី ដែលស្ថិតនៅភាគខាងត្បូងឈៀងខាងលិចកោះ Kyushu នៃប្រទេសជប៉ុន នាវេលាព្រឹក ថ្ងៃចន្ទនេះ។ ជាមួយគ្នានេះដែរ ការប្រកាសអាសន្នពី ខ្យល់កន្រ្តាក់ និងទឹកជំនន់ក៏ត្រូវបាន ធ្វើឡើងសម្រាប់ប្រជាជនបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០១៦។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា ព្យុះទីហ្វុង Namtheun បានវាយប្រហារមកលើទីក្រុង ណាហ្គាសាគីនៅវេលាម៉ោង១៖០០ទាបភ្លឺ (ម៉ោងក្នុងប្រទេសជប៉ុន) និងកំពុងតែបន្តដំណើរ ឆ្ពោះទៅភាគខាងជើង ជាមួយនឹងល្បឿនត្រឹម ១៥គីឡូម៉ែតក្នុងមួយម៉ោងតែប៉ុណ្ណោះ។ ប្រការនេះបង្ហាញឲ្យឃើញថា ព្យុះទីហ្វុងថ្មីមួយនេះ ពុំសូវជាមានឥទ្ធិពលខ្លាំងក្លាដូចនឹង ព្យុះទីហ្វុង Lionrock ដែលបានវាយប្រហារមកលើប្រទេសជប៉ុនកាលពីពេលថ្មីៗនេះទេ។
ដោយឡែក តំបន់ Kagoshima ដែលនៅជិតនោះ ក៏ទទួលរងនូវឥទ្ធិពលខ្យល់សង្រ្គប់ នៃព្យុះទីហ្វុងនេះ ហើយបានធ្វើឲ្យបុរសម្នាក់រងរបួសក្បាលផងដែរ។ គួរបញ្ជាក់ថា ទិសដៅនៃព្យុះទីហ្វុង Namtheun ទំនងជានឹងងាកទៅទិសខាងកើតវិញ ប៉ុន្តែនៅតាមតំបន់ និងកោះមួយចំនួន ត្រូវគេជឿជាក់ថា នៅតែប្រឈមនឹងការធ្លាក់ភ្លៀងខ្លាំង កម្រិតបង្គួរ៕