(ភ្នំពេញ)៖ កម្ពុជា និងមីយ៉ាន់ម៉ា ប្តេជ្ញាបន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយគ្នា។ ការអះអាងជំហររក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Kyaw Soe Min ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា។
ជំនួបធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកឯកអគ្គរដ្ឋទូត ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជំនួយដល់ប្រទេស និងប្រជាជនមីយ៉ាន់ម៉ាក្នុងអំឡុងពេលកូវីដ-១៩ផងដែរ។ បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត បានរំលឹកជម្រាបសម្តេចធិបតី អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងមីយ៉ាន់ម៉ា។
លោកឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការបេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះវត្តមានរបស់លោក Kyaw Soe Min និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា និងមីយ៉ាន់ម៉ា ដែលមានជាយូរអង្វែងមកហើយ។ សម្តេចធិបតី ក៏បានអបអរសាទរជូន លោក Kyaw Soe Min ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។
សម្តេចធិបតី ក៏បានបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាលើទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ាផងដែរ។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៅតែបន្តអនុវត្តគោលនយោបាយដូចរាជរដ្ឋាភិបាលនីតិកាលមុនៗ ដោយបន្តផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-មីយ៉ាន់ម៉ា ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី ក៏ដូចជាក្នុងក្របខណ្ឌអាស៊ាន។
សម្តេចធិបតី ក៏បានគូសបញ្ជាក់សាជាថ្មីអំពីការបន្តភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពល រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕