(ត្បូងឃ្មុំ)៖ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ប្តេជ្ញាបន្តការងារផ្តល់វ៉ាក់សាំងគ្រប់ប្រភេទ ការងារអាហារូបត្ថម្ភ សម្រាប់ទារក កុមារ និងស្ត្រី ស្ថិតក្នុងវ័យបន្តពូជឲ្យកាន់តែប្រសើរឡើងថែមទៀត។

ការលើកឡើងបែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ។ ពិធីនេះប្រព្រឹត្តទៅនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោក ពាង ណារិទ្ធ និងលោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោក ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត។

ថ្លែងទៅកាន់ លោកលោកស្រី ថ្នាក់ដឹកនាំ សាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីសុខាភិបាល និងអង្គការដៃគូដែលបានអញ្ជើញចូលរួម លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា «យើងទាំងអស់គ្នាបានពិនិត្យឃើញហើយ ពីសមិទ្ធផលការងារសុខាភិបាល យ៉ាងច្រើនដែលសម្រេចបាន ក្នុងឆ្នាំ២០២៣ តាមរយៈការធ្វើបទបង្ហាញ»។

លោកវេជ្ជបណ្ឌិត បន្ថែមថា ជាពិសេសបានកំណត់ធាតុចូល រួមបញ្ចូលជាមួយកម្មវិធីជាយុទ្ធសាស្ត្រក្រសួងសុខាភិបាល សម្រាប់ផែនការទិសដៅការងារបន្តនៅឆ្នាំខាងមុខទៀត ពិសេសបញ្ហាប្រឈម សំណូមពរ និងតម្រូវការពីអាជ្ញាធរមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ លោក ពាង ណារិទ្ធ, លោក ម៉ៅ ឌុង និងលោក ឡុង ធាម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរសុខាភិបាលខេត្ត បានរួមគ្នា សាមគ្គីគ្នា សហការគ្នា និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍មូលដ្ឋានសុខាភិបាលរហូតមានការរីកចម្រើន។ ជាពិសេស អនុវត្តនូវតួនាទីបានយ៉ាងល្អ តាមជំនាញរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមមាន៖ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់ការថែទាំសុខភាពមានគុណភាព ប្រសិទ្ធភាព និងមានគុណធម៌ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ។

លោកក៏បានផ្តាំផ្ញើ និងជំរុញដល់មន្ត្រីសុខាភិបាលទូទាំងខេត្ត ត្រូវតែបន្ត និងបង្កើនសកម្មភាពការងារ រួមមានចុះអប់រំផ្សព្វផ្សាយ ការលើកកម្ពស់សុខភាព និងការទប់ស្កាត់ជំងឺឆ្លង និងជំងឺមិនឆ្លងផ្សេងៗ នៅតាមសហគមន៍ និងការងារពង្រឹងប្រព័ន្ធសុខាភិបាល មន្ទីរសុខាភិបាលខេត្តបានអនុវត្តផែនការ ការងារឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ គណៈអធិបតី បានធ្វើការចែកលិខិតសរសើរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំបំពេញការងារសុខាភិបាលជូនប្រជាពលរដ្ឋ យ៉ាងសស្រាក់សស្រាំពាពេលកន្លងមក និងបន្តឲ្យកាន់តែល្អទ្វេរដងផងដែរ៕