(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យនាយនគរបាល ដែលទើបបានទទួលតំណែង និងបំពាក់ឋានន្តរស័ក្តិនៅថ្ងៃនេះ ត្រូវអនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមចំណែកក្នុងការដឹកនាំអង្គភាពឲ្យមានការរីកចម្រើនសម្ដៅថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែកជាមួយក្រសួងមហាផ្ទៃ ជាមួយរាជរដ្ឋាភិបាលធ្វើយ៉ាងឲ្យសភាពការណ៍ក្នុងប្រទេស មានភាពស្ងប់ស្ងាត់ទាំងផ្នែកនយោបាយ និងផ្នែកបច្ចេកទេសការងារសន្តិសុខ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិនគរបាលថ្នាក់ឧត្តមសេនីយ៍ ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មី នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានក្រើនរំលឹកឲ្យបន្ដស្មារតីសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពរបស់ខ្លួន និងត្រូវសហការគ្នាធ្វើកិច្ចការងារ ឲ្យបានសម្រេចតាមទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតប្រគល់ជូន។

ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត នាយឧត្តមសេនីយ៍ ស ថេត បានដាក់ចេញការណែនាំដល់ស្ថាប័នពាក់ព័ន្ធ និងនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៥ចំណុច រួមមាន៖

*ទី១៖ បទល្មើសព្រហ្មទណ្ឌដែលមានកំណើនគួរឲ្យកត់សម្គាល់មិនមានសញ្ញាថមថយនៅឡើយ ទាំងបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈឹម និងថ្មីនេះក៏មានលេចធ្លោនូវសកម្មភាពក្មេងទំនើង ដែលទាមទារឲ្យអ្នកដែលទទួលខុសត្រូវក្នុងផែននេះ ទាំងអគ្គស្នងការដ្ឋាន និងប្រធាននាយកដ្ឋាន ត្រូវប្រមូលធាតុផ្សំគិតឡើងវិញ មិនអាចបណ្តែតបណ្តោយឲ្យសកម្មភាពទាំងនេះ បន្តមានទៀតបានទេ។

*ទី២៖ ពង្រឹងបញ្ហាគ្រឿងញៀន ពិសេសនៅតាមក្លឹបកម្សាន្ត ព្រោះគ្រឿងញៀនក៏នៅតែជាក្តីកង្វល់របស់សកលលោក ប្រទេសនៅក្នុងតំបន់ ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ។ ក្រុមក្មេងទំនើងដែលបង្កបញ្ហានៅក្នុងសង្គមក្រោយការចាប់ខ្លួន តែងតែធ្វើតេស្តរកឃើញមានសារធាតុញៀន ដែលនេះជាការបង្កើតបញ្ហាដល់សង្គម ដែលយើងទាំងអស់គ្នា ក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែរួមគ្នាបង្ការ បង្រ្កាបឲ្យដល់ឫសគល់។

*ទី៣៖ គ្រោះថ្នាក់ចរារចណ៍ដែលបង្កើតជាសោដនាដកម្ម បង្កើតជាភាពក្រីក្រក្នុងគ្រួសារ ដែលនេះជាបញ្ហាសំខាន់ដែលត្រូវពិនិត្យពិចារណារឡើងវិញ ដែលកត្តាទាំងនេះក៏ស្របជាមួយយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាល អាណត្តទី៧ ដំណាក់កាលទី១។ កំឡុងពេលប្រមាណខែចុងក្រោយនេះ បើធ្វើការប្រៀបធៀបជាមួយឆ្នាំកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងចំនួនលើមនុស្សរបួស និងស្លាប់ដែលទាមទារឲ្យមានការផ្តោតសំខាន់ទៅលើចំណុចមួយចំនួនទៀត ដើម្បីធ្វើឲ្យចំនួន នៃគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ។

*ទី៤៖ បញ្ហាទំនាស់ដីធ្លីនៅតាមរាជធានី-ខេត្ត ជាពិសេសខេត្តដែលនៅជាប់តាមព្រំដែនទាំងតូចទាំងធំ ដែលអាជ្ញាធរមិនអាចមើលស្រាលអំពីជម្លោះដ៏រ៉ាំរ៉ៃនេះបានទេ ការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ សុទ្ធសឹងតែមានអ្នកនៅពីក្រោយខ្នង ដើម្បីញុះញង់ឲ្យមានចលនា ដើម្បីទំលាក់កំហុសមកលើរាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿមកលើរាជរដ្ឋាភិបាល ដែលនេះជាបញ្ហាដែលក្នុងនាមជាអាជ្ញាធរមិនត្រូវមើលស្រាលជាដាច់ខាត។ អាជ្ញាធរដែលខេត្តជាប់នៅតាមតំបន់ព្រំដែន ដែលមានបញ្ហាទំនាស់ដីធ្លី ត្រូវបង្កើនកម្លាំងសមត្ថកិច្ចក្តាប់ឲ្យបានសភាពការណ៍ កុំឲ្យមានការទន្ទ្រានយកដីរដ្ឋ ដោយខុសច្បាប់រហូតក្លាយទៅជាតំបន់អប្បគមន៍។

*ទី៥៖ ពង្រឹងការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះអណាធិបតេយ្យ ដែលបង្កើតឲ្យមានជាសម្លេងផ្ទុះ ការគ្រប់គ្រងនូវសាធាតុគីមីផ្សំ ដែលក្នុងនោះមានក្រសួងចំនួនពីរ ដែលទទួលបានអាជ្ញាបណ្ណ ក្នុងការនាំចូលដើម្បីធ្វើសកម្មភាពផ្សេងៗ ដូចជាប្រើប្រាស់ក្នុងការបំផ្ទុះថ្មដើម្បីធ្វើផ្លូវ ធ្វើសំណង់ជាដើម ដែលមានក្រុមហ៊ុនផ្សេងៗ មកទទួលយកដើម្បីទៅបន្តធ្វើអាជីវកម្មដែលចំណុចទាំងនេះ ក្នុងនាមអាជ្ញាធរត្រូវមានវិធានការក្នុងការគ្រប់គ្រងទាំងការដឹកជញ្ជូនយកទៅទុកដាក់នៅកន្លែងណា ដើម្បីបម្រើក្នុងអាជីវកម្មបែបណា អាជ្ញាធរត្រូវមានយន្តការគ្រប់គ្រងអោយបានម្មត់ចត់ ទាំងព័ត៌មាន និងឯកសារបញ្ជាក់ពីទីតាំងដែលទុកដាក់ ការដឹកជញ្ជូន និងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។

ស្នងការនគរបាលនៅតាមបណ្តាខេត្ត ត្រូវចាត់ចែងធ្វើបញ្ជីឲ្យបានល្អិតល្អន់ពីទីតាំងទាំងនោះផ្ញើមកអគ្គស្នងការដ្ឋាននគរបាជាតិ ដើម្បីចុះពិនិត្យទីតាំងទាំងនោះ និងធ្វើការគ្រប់គ្រងទីតាំងទាំងនោះ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យប្រធាននាយកដ្ឋាន-អង្គភាព ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងការងារបុគ្គលិក របៀបរបបធ្វើការងារ ពិសេសពាក់ព័ន្ធវិន័យកងកម្លាំងនគរបាលជាតិ ការគ្រប់គ្រងបញ្ជីវត្តមាន និងឯកសណ្ឋានរបស់មន្ត្រីក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃឲ្យបានម៉ត់ចត់ផងដែរ៕