(រតនគិរី)៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ឱកាសនោះ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំយកអំណោយសម្ភារៈសិក្សា និងថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំនួន៦៩នាក់ ក្នុងនោះស្រី ចំនួន២៦នាក់ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាលើឃួន ភូមិលើឃួន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។

ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនេះ ធ្វើឡើងនាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ ដោយមានការសហការជាមួយ អាជ្ញាធរខេត្ត កងកម្លាំងទាំង៣ ដែលដឹកនាំដោយ លោក កង សារឿន អភិបាលស្រុកបរកែវ តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, លោកវេជ្ជបណ្ឌិត អ៊ុង រតនា អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ខេត្តរតនគិរី, លោកគ្រូពេទ្យ ជា សានិត អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី, លោក បាន បូតា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ចំនួន៥៤នាក់ សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ មន្ទីរជុំវិញខេត្ត និងអាជ្ញាធរឃុំ-ស្រុក ដែលពាក់ព័ន្ធ ចូលរួមដោយ លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោកបណ្ឌិត ជា ដែន, លោក ភឿន កុសល, លោកវេជ្ជបណ្ឌិត ផេង លីន ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រុមការងារ ដែលបានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ និងចែកឱសថ ទឹកសុទ្ធ នំប៉័ង ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន២៥៨៧នាក់ ស្រ្តីមានចំនួន១៧៨៥នាក់ រួមជាមួយគ្នានេះដែរ ក៏បានចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន ៥១៨ នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ១ក្បាល ប៉ិច ១ដើម ខ្មៅដៃ ១ដើម នំប៉័ង ១ដើម ទឹកសុទ្ធ ១ដប និងថវិកាចំនួន ៥ពាន់រៀល ព្រមទាំង អ្នកគ្រូលោកគ្រូចំនួន ២៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល និងថ្នាំពណ៌លាបជញ្ជាំងបណ្ណាល័យចំនួន២ធុងផងដែរ។

នាឱកាសនោះ ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ គូសបញ្ជាក់ផងដែរថា តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មកពីប្រភពមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។

គួរបញ្ជាក់ផងដែរ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។

បើតាមលោក លេង ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២១ មីនា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សកលវិទ្យាល័យ ចំនួន ៣សាខា)»

លោកបន្តទៀតថា «ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃបានចំនួន ១៩០០ លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,១៦០,៥៣២ នាក់ (ដប់បីលាន ដប់ប្រាំមួយម៉ឺន ប្រាំរយ សាមសិបពីរ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៣៣,២៥០ នាក់ (ប្រាំមួយលាន ចិតសិបបីម៉ឺន បីពាន់ ពីររយ ហាសិប នាក់)គិតត្រឹម ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៨,០២៦,៦០០ដុល្លារ (ប្រាំមួយរយហាសិបប្រាំបីលាន ពីរម៉ឺន ប្រាំមួយពាន់ ប្រាំមួយរយ ដុល្លារសហរដ្ឋអាមេរិក)»

ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រូបនេះបានឲ្យដឹងទៀតថា «រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាន និងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩០,៤៣២ដូស (ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺនបួនរយសាមសិបពីរដូស) ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់»

សូមជម្រាបជូនថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ដូចសព្វមួយដង ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរពថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ។

ជាចុងក្រោយ លោក លេង ផាលី ក៏បានឡើងផងដែរថា «យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិនិងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន​ គឺនាំអោយមានកំណើនសេដ្ឋកិច្ច និងកាតកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»