(សៀមរាប)៖ លោក ង៉ូវ កាង រដ្ឋលេខាក្រសួងសុខាភិបាល តំណាងរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើអាជ្ញាធរមូលដ្ឋាន ជួយពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់មន្រ្តីសុខាភិបាល នៅតាមមណ្ឌលសុខភាព ប្រសិនបើមានពេលវេលាត្រូវធ្វើការពិនិត្យលទ្ធផលការងារប្រចាំត្រីមាស ឬក៏ចូលរួមប្រជុំឲ្យបានទៀតទាត់។ អាជ្ញាធរឃុំ/សង្កាត់ ត្រូវជួយផ្តលយោបល់ដើម្បីដល់ប្រធានមណ្ឌលសុខភាព និងថ្នាក់ដឹកនាំមណ្ឌលសុខភាព កែលម្អនូវចំណុចខ្វះខាតមួយចំនួន ជាការចូលរួមក្នុងនាមជានៅអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមធ្វើ ចូលរួមដោះ និងចូលរួមទទួលលទ្ធផលជាមួយគ្នា ហើយនេះជាកិច្ចការដែលក្រសួងសុខាភិបាលចង់បាន។
ការស្នើយ៉ាងដូច្នេះរបស់លោក ង៉ូវ កាង ក្នុងពិធីបិទសន្និបាតសុខាភិបាលនៃរដ្ឋបាល ខេត្តសៀមរាប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត, លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល ក្រុង/ស្រុក មេឃុំកចៅសង្កាត់ និងអង្គការដៃគូរពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
លោក ង៉ូវ កាង បានបន្តថា ខេត្តសៀមរាប ជាខេត្តមួយដែលមានសំណាងជាងគេ ដោយមានប្រាសាទអង្គរវត្ត ដែលជាគេមរតកកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ងាកមកវិស័យសុខាៈបាលវិញខេត្តសៀមរាប មានមន្ទីរពេទ្យកុមារ (មន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប) ជាខេត្តមួយដែលទទួលបានសំណាង ឬក៏ជាឱកាសមួយសម្រាប់ទ្រទ្រង់សុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា ខេត្តសៀមរាបមានមន្ទីរបង្អែកខេត្តមួយ មន្ទីរពេទ្យបង្អែកស្រុកចំនួន៤ និងមណ្ឌលសុខភាពចំនួន៩៣ ដែលបាននឹងកំពុងផ្តល់សេវាបង្ការ ថែទាំ និងព្យាបាល ប្រជាពលរដ្ឋទូទាំងខេត្ត។ មន្ទីរបង្អែកខេត្តក៏បានផ្តល់សេវាថែទាំសុខភាពដល់អ្នកជំងឺលើសពី២០ភាគរយ ដែលមកពីខេត្តជុំវិញ ដែលក្នុងចំណោមអ្នកជំងឺកំពុងស្នាក់នៅព្យបាលនៅក្នុងមន្ទីរពេទ្យ។ ជាមួយគ្នានេះ សេវាសាធារណៈក្នុងខេត្តសៀមរាប មានមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលផ្តល់សេវាកុមារ និងសេវាសម្ភព ដោយមិនយកថ្លៃ មន្ទីរពេទ្យយោធាតំបន់៤ ព្រមទាំងសេវាឯកជនក៏បានចូលរួមនៅក្នុងការផ្តល់សេវាសុខាភិបាល ដែលក្នុងនោះមានចំនួន៨៧៦កន្លែង ជាបន្ទប់ពិគ្រោះ បន្ទប់ព្យាបាលមាត់ធ្មេញ បន្ទប់ថែទាំមុននឹងក្រោយសម្រាល បន្ទប់ថែទាំអ្នកជំងឺ និងមានគ្លីនិក មន្ទីរពហុព្យាបាល មន្ទីរពេទ្យឯកជនចំនួន៧០កន្លែង ដែលបានចូលរួមក្នុងការផ្តសេវានៅក្នុងខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តថា បើប្រៀបទៅនឹងឆ្នាំមុននៅតាមមណ្ឌលសុខភាព ដែលអង្គសន្និបាត បានកត់សម្គាល់ និងពិភាក្សាទៅលើបញ្ហាប្រឈមមួយចំនួន ដែលផ្តោតលើភាគី៣ក្រុម៖ ភាគីអ្នកផ្តល់សេវា, ភាគីអ្នកផ្តល់ប្រើប្រាស់សេវា និងភាគីអ្នកទ្រទ្រងសេវា។ ចំពោះអ្នកផ្តល់សេវា ទាក់ទងនឹងបញ្ហាបុគ្គលិកមានចំនួនតិច នៅតាមមណ្ឌលសុខភាព ដែលការងារច្រើន បុគ្គលិកខ្លះមានផ្ទះនៅឆ្ថាយពីកន្លែងធ្វើការ ជាហេតុនាំឲ្យមកបំពេញការងារមានការយឺត សមត្ថភាពបុគ្គលិកនៅមានកម្រិត ដែលគាត់មិនទាន់ទុកចិត្តការផ្តលសេវាថ្នាក់មូលដ្ឋានដោយខ្លួនឯង បុគ្គលិកខ្លះទទួលខុសត្រូវលើការងារមិនទាន់បានគ្រប់ជ្រុងជ្រោយ បុគ្គលិកខ្លះមានអាកប្បកិរិយាមិនសមរម្យក្នុងអាជីពជាអ្នកផ្ដល់សេវា ការផ្ដល់ប្រឹក្សានៅតាមមណ្ឌលសុខភាពនៅមានកម្រិត សម្ភារៈបរិក្ខារពេទ្យដើម្បីជួយសង្គ្រោះនៅមានកម្រិត។ អ្នកផ្តល់ប្រើប្រាស់សេវា មិនទាន់យល់ដឹងពីសេវាដែលមាននៅតាមមណ្ឌលសុខភាព។ ភាគីអ្នកទ្រទ្រងសេវា ការគាំទ្រពីផ្នែកពាក់ព័ន្ធ និងអាជ្ញាធរដែនដី នៅមានមិនទាន់ពេញលេញ។
លោក ពិន ប្រាកដ បានធ្វើការវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលជាវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក‑យិការ ឆ្មប និងបុគ្គលិកកិច្ចសន្យាទាំងអស់នៃវិស័យ សុខាភិបាល ដែលបានខិតខំយកចិត្ដទុកដាក់ខ្ពស់ ចំពោះការបំពេញតួនាទីភារកិច្ច ដោយការទទួលខុសត្រូវក្នុងការពិនិត្យពិគ្រោះ ថែទាំ និងព្យាបាលជំងឺជូនបងប្អូនប្រជាជនក្នុងរយៈពេលពេញមួយឆ្នាំ២០២៣កន្លងមកនេះ។
លោក ពិន ប្រាកដ បានបញ្ជាក់ថា វិស័យសុខាភិបាល មិនត្រឹមតែជាល័ក្ខខ័ណ្ឌចាំបាច់ និងមិនអាចខ្វះបានសម្រាប់ចូលរួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយការឈឺចាប់ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងលើកកម្ពស់ការជឿជាក់របស់ប្រជាជន ចំពោះការផ្តល់សេវាវិស័យសុខាភិបាល ការលើកកម្ពស់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរនៃ ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ ជាមួយគ្នានេះ ការចូលរួមពីបណ្តាដៃគូ ភ្នាក់ងារអភិវឌ្ឍ អង្គការជាតិ និងអន្ដរជាតិ វិស័យឯកជន និងអង្គភាព ស្ថាប័នពាក់ព័ន្ធក៍ជាកត្តាសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឲ្យមានភាពប្រសើរឡើងផងដែរ៕