(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាជាមួយសមាគមអ្នកនិពន្ធខ្មែរ ដោយបានឯកភាពរួមគ្នា ជួយឱ្យការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ឱ្យកាន់តែផុលផុស និងខ្លឹមសារជ្រាលជ្រៅដល់ប្រជាពលរដ្ឋ និងយុវជនខ្មែរ។

ជំនួបនេះបានធ្វើឡើងនៅសមាគមអ្នកនិពន្ធខ្មែរ ក្រោមអធិបតីភាពដឹកនាំលោកកវីនិពន្ធ ជ័យ ចាប ប្រធានក្រុមប្រឹក្សាភិបាលសមាគម និងដោយមានការចូលរួមពីលោក ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ, បណ្ឌិត ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង។

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសមាគមអ្នកនិពន្ធខ្មែរ ដែលបានផ្តល់ឱកាសជំនួបពិភាក្សា ដើម្បីរកវិធីសាស្ត្រថ្មីៗថែមទៀត ដែលអាចជួយឱ្យការងារផ្សព្វផ្សាយអប់រំកាន់តែមានភាពផុលផុស និងមានខ្លឹមសារជ្រាលជ្រៅ ដែលធ្វើឱ្យប្រជាពលរដ្ឋងាយយល់ និងចូលរួមកាន់តែសកម្មក្នុងការបង្ការនិងទប់ស្កាត់បញ្ហាគ្រឿងញៀន ឆ្លើយតបបានទៅនឹងឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យអស់ពីកម្ពុជា។

កវីនិពន្ធ ជ័យ ចាប បានថ្លែងថា ការងារផ្សព្វផ្សាយ អប់រំ ជាការចាំបាច់ និងមានសំខាន់ ប៉ុន្តែខ្លឹមសារ គឺជាស្នូល ព្រោះបើខ្លឹមសារកម្រិតណា ផលនៃការផ្សព្វផ្សាយអប់រំ និងស្ថិតក្នុងកម្រិតនោះ ហើយពេលជះផលមិនល្អក៏ថាបាន។

ក្នុងនាមសមាគមអ្នកនិពន្ធខ្មែរ កវីនិពន្ធ ជ័យ ចាប មានការចាប់អារម្មណ៍ និងសំដែងនូវមនោសញ្ចេតនារីករាយក្នុងការចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីលើកកម្ពស់ខ្លឹមសារផ្សព្វផ្សាយអប់រំ តាមរយៈការចូលរួមពិនិត្យ និងកែសម្រួល តាមរយៈការប្រកួតស្នាដៃសិល្បគំនូរ កំណាព្យ រឿងខ្លី អត្ថបទអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀននានា និងបំផុសឱ្យមហាជនស្វែងយល់ស្រាវជ្រាវដើម្បីយល់ដឹងពីបញ្ហាគ្រឿងញៀនកាន់តែសកម្មផុលផុសបន្ថែមទៀត។

តាមរយៈកិច្ចជំនួបពិភាក្សានោះ គ្រប់សមាសភាពទាំងអស់សុទ្ធតែបង្ហាញនូវគុណប្រយោជន៍សារសំខាន់ការងារផ្សព្វផ្សាយអប់រំ និងបានឯកភាពបន្តសហការនិងជួយគ្នាទៅវិញទៅមក ដើម្បីឱ្យសកម្មភាពផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋឱ្យបានកាន់ផុលផុស ប្រកបដោយខ្លឹមសារអប់រំជ្រាលជ្រៅថែមទៀតបន្ថែមទៀត៕