(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានរិះគន់គណបក្សសង្រ្គោះជាតិថា កំពុងយកកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស មករុំព័ទ្ធដើម្បីបិទបាំងពុតត្បុតនយោបាយអាក្រក់របស់ខ្លួន មិនឱ្យអ្នកគាំទ្រដឹងតែប៉ុណ្ណោះ។
ការរិះគន់របស់ លោក សួន សេរីរដ្ឋា បានធ្វើឡើងស្របពេលនេះដែល គណបក្សសង្រ្គោះជាតិ ប្រកាសអំពីការរៀបចំញត្តិដើម្បីដាក់ នៅតាមស្ថានទូត នៃប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងស្ថានទូតបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យអន្តរាគមន៍ជួយដល់ មេដឹកនាំទាំងពីររបស់ខ្លួន ដើម្បីធ្វើនយោបាយដោយសេរី នៅកម្ពុជា។
លោក សួន សេរីរដ្ឋា បានលើកឡើងលើបណ្តាញសង្គម Facebook ថា «ការគាស់ផ្នូរយកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ មកធ្វើតែមនយោបាយពេលនេះរបស់មេដឹកនាំ និងអ្នកនយោបាយក្នុង គណបក្សសង្គ្រោះជាតិ គឺជានយោបាយភ័យខ្លាច រលាយបក្ស តែប៉ុណ្ណោះ ! »។
លោកបានបន្ថែមថា «បើពួកក្រុមកាកសំណល់ ហ្វ៊ុនស៊ិនប៉ិច និង សឺន សាន ដែលនៅក្រោមដំបូល សង្គ្រោះជាតិ នេះឲ្យតំលៃ ពិតប្រាកដលើ កិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣តុលា ១៩៩១ នោះមិនមែននាំគ្នាជីករណ្តៅកាយកប់ កិច្ចព្រមព្រៀងនេះ ចោលអស់២៥ឆ្នាំ ហើយទៅចុះកិច្ចព្រមព្រៀងថ្មី ជាមួយនឹង គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគំនិតក្បត់ជាតិ និងក្បត់អ្នកគាំទ្រ ពិសេសក្បត់ឈាមអ្នកតស៊ូប្រឆាំងយួន ឈ្លានពាននោះទេ ។ ពេលនេះបន្ទាប់ពីធ្វើស្នំ នយោបាយឲ្យ គណបក្សប្រជាជនកម្ពុជា តាមរយៈចូលរួមបោះឆ្នោតបង្គ្រប់កិច្ច បង្កាត់ពូជបង្កើត គ.ជ.ប មួយសម្រាប់ជួយការពារកៅអីឲ្យបក្ស និងដោយភ័យខ្លាចអ្នកគាំទ្រ ខ្លួនដឹងការពិតពីពុតត្បុតនយោបាយអាក្រក់ នយោបាយសង្គ្រោះចោរ នយោបាយស៊ីឈ្នួលចាញ់របស់ខ្លួនដែលបន្លំបោកប្រាស់ អ្នកគាំទ្រអស់ ២០ឆ្នាំ មកនេះទើបបានជាខំស្ទុះស្ទាយកសំពត់ កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ មករុំមុខធ្វើជា ដង្ហែរដាក់ញ្ញត្តិ ជូនប្រទេសហត្ថលេខី»៕