(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រតិបត្តិការខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកោះកុង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធការកាប់បំផ្លាញធនធានធម្មជាតិក្នុងតំបន់ការពារ ស្ថិតនៅស្រុកថ្មបាំងខេត្តកោះកុង ដោយមានការចូលរួមសហការណ៍ពីលោកវ៉ែន សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្ត លោក ឃុត មាន អភិបាលរងស្រុកថ្មបាំង អង្គការសម្ព័ន្ធសត្វព្រៃ អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទរួមនិងមន្ត្រីពាក់ព័ន្ធផងដែរ។

លោក វ៉ែន សុនីម អនុប្រធានមន្ទីរបរិស្ថាន បានលើកឡើងថា ដើម្បីទប់ស្កាត់ព្រៃឈើ ការកាប់ទន្រ្ទានព្រៃឈើរបស់ជនមិនស្គាល់មុខធ្វើជាកម្មសិទ្ធិ ឬលក់ទៅឱ្យឈ្មួញកណ្តាលនោះ ដូច្នេះយើងទាំអស់គ្នាត្រូវចូលរួមទប់ស្កាត់ គ្រប់ពេលវេលា ដើម្បីការពារព្រៃធម្មជាតិក្នុងតំបន់ការពារឲ្យមានសោភ័ណ្ឌភាព ពីព្រោះព្រៃឈើវាអត្ថប្រយោជន៍ច្រើនដល់មនុស្សសត្វ។

លោកបន្តថា «ខេត្តកោះកុង គឺខេត្តមួយដែលមានសក្តានុពល និងអត្ថប្រយោជន៍ ច្រើនដល់រាជរដ្ឋាភិបាលដូចជាតិកាបូនច្រើនជាគេហើយក៍ជាធុងអាគុយផងដែរ»

លោក ហាក់ ឡេង បានធ្វើបទបង្ហាញអំពីច្បាប់ និងបង្ហាញពីតំបន់ និងព្រំប្រទល់រវាងដីដែលស្ថិតនៅក្នុងតំបន់ការពារ និងដីដែលបានកាត់ឆ្កៀលចេញពីតំបន់ការពារដោយមន្ទីរបរិស្ថានខេត្ត សំដៅផ្សព្វផ្សាយណែនាំដល់អាជ្ញាធរ មូលដ្ឋាន អង្គភាព និងអ្នកពាក់ព័ន្ធបានយល់ដឹង និងចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ។

លោក ហាក់ ឡេង បានផ្តល់នូវអនុសាសន៍ណែនាំដល់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖

*ទី១៖ ណែនាំឱ្យភូមិ ឃុំ ស្រុក ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធដើម្បីទប់ស្កាត់និងការពារធនធានធម្មជាតិនៅក្នុងតំបន់ការពារ
*ទី២៖ ណែនាំមេភូមិ និងមេឃុំ មិនត្រូវបញ្ជាក់អត្តសញ្ញាណដី ឬធ្វើជាសាក្សីក្នុងករណីដីនោះស្ថិតនៅក្នុងតំបន់ការពារ
*ទី៣៖ ហាមកាប់រាន ឬឈូសឆាយទាំងដីដែលកាត់ចេញពីតំបន់ការពារ និងដីដែលស្ថិតនៅក្នុងតំបន់ការពារដែលគ្មានច្បាប់អនុញ្ញាត
*ទី៤៖ ហាមអាស្រ័យផលលើដីដែលបានកាប់ឆ្ការក្នុងតំបន់ការពារ
*ទី៥៖ បើចង់វាស់វែងដីត្រូវសួរនាំមន្រ្តីវាស់វែងមានលក្ខណៈជាប្រព័ន្ធ និងអ្នកពាក់ព័ន្ធ ដើម្បីធានាបាននូវភាពស្របច្បាប់
*ទី៦៖ ហាមវាស់វែងដីនៅក្នុងតំបន់ការពារ
*ទី៧៖ ណែនាំឱ្យភូមិ ឃុំ ស្រុក ក្រុមការងារដីរដ្ឋថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធត្រូវរាយការណ៍ជាបន្ទាន់ពីរឿងដែលពាក់ព័ន្ធការកាប់បំផ្លាញធនធានធម្មជាតិនៅក្នុងតំបន់ការពារ។

លោកបានបន្ថែមថា ដើម្បីទប់ស្កាត់ការពារព្រៃធម្មជាតិឲ្យសក្តានុពល ឲ្យបានគង់វង្សអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធអាជ្ញាធរគ្រប់មូលដ្ឋាន ធ្វើការចុះផ្សព្វផ្សាយអប់រំពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យញឹកញាប់ដើម្បីឲ្យយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ពីព្រៃឈើធម្មជាតិ៕