(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច បានបន្តចាត់ក្រុមការងារ ចុះប្រគល់ថវិកាជូនដល់គ្រួសារដែលមានសមាជិកទទួលមរណៈភាពចំនួន ៨គ្រួសារ នៅក្នុងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។

លើកឡើងក្នុងឱកាសដឹកនាំក្រុមការងារនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនគ្រួសារដែលមានសមាជិកទទួលមរណៈភាពទាំង ៧គ្រួសារ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ លោក លឹម លីន ជំនួយការផ្ទាល់របស់លោក ហាស់ វ៉ារី បានឱ្យដឹងថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហាស់ វ៉ារី តែងតែបានប្រគល់ជូនថវិកាជូនគ្រួសារដែលមានសមាជិកទទួលមរណជាបន្តបន្ទាប់ នៅក្នុងឃុំ រកាកោងទី2 ស្រុកមុខកំពូល ខេត្តកណ្ដាលផងដែរ។

បើតាមលោក លឹម លីន កន្លងមកឱ្យតែមានប្រជាពលរដ្ឋទទួលមរណៈភាពនៅក្នុងមូលដ្ឋានឃុំរកាកោងទី2 ស្រុកមុខកំពូល សម្ដេចទាំងទ្វេតែងតែបានចូលរួមរំលែកទុក្ខក្នុងមួយគ្រួសារសពនូវថវិកាចំនួន ១៥០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខដែលមានក្រុមការងាររបស់លោក ហាស់ វ៉ារី និងលោក កុយ រុន មេឃុំរកាកោងទី២ ដើម្បីនាំយកថវិការបស់សម្ដេចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមគ្រួសារសពទាំង ៨គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានថវិកា ១៥០,០០០រៀល និងមានមួយគ្រួសារបានទទួលការឧបត្ដម្ភក្តាមឈូមមួយបន្ថែមទៀតតម្លៃ ២៥០,០០០រៀល សរុបអស់ថវិកា ១៣០,០០០រៀល។

នាឱកាសនោះដែរក្រុមគ្រួសារនៃសពទាំង ៨គ្រួសារ នៅក្នុងឃុំ រកាកោងទី២ បានសូមគោរពជូនពរសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការ និងសូមគោរពជូនពរលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច និងលោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់សូមជួបតែសេក្ដីសុខនិងសេចក្ដីចម្រើនផងដែរ៕