(កណ្តាល)៖ រថយន្តបែនដឹកដីមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលបុរសម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅម៉ោង៥ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវជាតិលេខ១ចន្លោះ គីឡូម៉ែត្រលេខ៥៦-៥៧ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកុំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក បើកបរក្នុងក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត លុះដល់ ចំណុចកើតហេតុ បានវ៉ាកជាមួយម៉ូតូមួយគ្រឿង ហើយព្យាយាមបួងចង្កូតគេច ជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងបណ្តាលឲ្យ ដួលម៉ូតូខ្ទាតអ្នកជិះម៉ូតូខាងក្រោយ ចូលកង់រថយន្តកិនស្លាប់ភ្លាម និងម្នាក់ទៀតសំណាងល្អខ្ទាតចេញផុតពីកង់រថយន្ត រងរបួសធ្ងន់។
មន្ដ្រីដដែលបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មាន ជា អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរួមដំណើរពីក្រោយ មិនត្រូវបានគេស្គាល់ឈ្មោះ នោះទេហើយបានស្លាប់ ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ជនរងគ្រោះទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខព្រៃវែង1D-5321 ចំណែករថយន្តបង្កម៉ាកHino បែនដឹកដី ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-1546 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯសពសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារ ចំណែករថយន្ដបង្ក និងម៉ូតូសមត្ថកិច្ចជំនាញយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕