(សៀមរាប)៖ សាខាសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ខេត្តសៀមរាប នៅសប្តាហ៍កន្លងទៅនេះ បានរៀបចំសន្និសីទមួយស្តីពីឱកាស បញ្ហាប្រឈម និងគោលដៅអនាគតសម្រាប់យុវជន ក្នុងគោលបំណងត្រួសត្រាយ និងបង្ហាញផ្លូវមួយចំនួនសម្រាប់យុវជនកសាង អនាគតរបស់ពួកគេ ឲ្យកាន់តែល្អប្រសើរ។
សន្និសីទនេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការរងសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា និង មានការបង្ហាញបទពិសោធន៍ពីសាស្រ្តាចារ្យល្បីឈ្មោះជាច្រើនរូបទៀត។
ក្នុងសន្និសីទនោះ លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង បានធ្វើបទបង្ហាញស្តីពី «គន្លឹះក្នុងការជ្រើសរើសឯកទេសសម្រាប់សិក្សា នៅឧត្តមសិក្សា» ដោយផ្តោតលើចំណុចសំខាន់បីគឺ ១- ឧបនិស្ស័យ ២-តម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ៣- លទ្ធភាពនិងការតស៊ូ ដែលយុវជនត្រូវតែដឹងថា ការសិក្សាទ្រឹស្តីរៀនសូត្រ បទពិសោធន៍ និងអភិវឌ្ឍន៍បុគ្គលិកលក្ខណសម្បត្តិ ដើម្បីក្លាយជាធនធានបញ្ញា សម្រាប់ប្រទេសជាតិនាពេលអនាគត។
លោកបានបញ្ជាក់ថា «យុវជនត្រូវតែសម្រេចចិត្តថា សិក្សាជំនាញអ្វីដើម្បីឲ្យចំគោលដៅសម្រាប់ការងារនៅពេលខាងមុខ ថាតើយើងត្រូវធ្វើអ្វីបន្ត? ចំណុចសំខាន់បំផុតគឺខ្លួនយើងជាអ្នករៀបចំ និងកំណត់ជោគវាសនារបស់ខ្លួនយើង។ យើងត្រូវតែ ទទួលខុសត្រូវចំពោះខ្លួនយើង ការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗអាចផ្លាស់ប្តូរប្រវត្តិសាស្រ្តឲ្យកាន់តែប្រសើរឡើងបាន»។
លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការរងបានបកស្រាយអំពី «គន្លឹះជោគជ័យក្នុងការសិក្សាស្រាវជ្រាវ»។ លោកសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើការតស៊ូរបស់លោកផ្ទាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន ព្រមទាំងបានប្រៀបធៀបអំពីវិធីសាស្រ្ត សិក្សាជោគជ័យរបស់យុវជនប្រទេសជប៉ុន ដែលចាប់ផ្តើមពីការសន្សំពេលវេលាឡើងទៅ។
លោកបណ្ឌិត បានថ្លែងថា «អ្វីៗទាំងឡាយដែលមាននៅលើលោកយើងនេះក្រៅពីធម្មជាតិគឺសុទ្ធសឹងតែបង្កើតឡើងដោយមនុស្ស ហេតុនេះហើយមនុស្ស គឺជាអ្នកដឹកនាំមនុស្ស ជាអ្នកដឹកនាំឲ្យបង្កើតអ្វីៗទាំងឡាយដែលមាននៅលើលោកយើងនេះដូច្នេះមនុស្ស ម្នាក់ៗត្រូវតែនាំគ្នាអភិវឌ្ឍខ្លួនដោយមានការទទួលខុសត្រូវខ្ពស់។ នេះជាបរិបទថ្មីមួយដែលបង្ហាញពីភាពរឹងមាំ និងភាពម្ចាស់ការរបស់ យុវជនក្នុងការរួមគ្នាអភិវឌ្ឍខ្លួនឲ្យកាន់តែមានសមត្ថភាព និងគុណភាពដែលអាចឆ្លើយតបទៅនឹង ពិភពលោកនៃការប្រកួតប្រជែង ជាសកល»។
លោកបណ្ឌិត កង ឱម សាស្រ្តាចារ្យវិទ្យាសាស្ត្រអប់រំ នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា បានលើកឡើងអំពី «យុវជន និងគុណធម៌» ដែលខ្លឹមសាទាំងនោះ គឺមានបីគឺ ១- តួនាទី និងភារកិច្ចរបស់យុវជនគឺយុវជនជាទំពាំងស្នងប្ញស្សី យុវជនត្រូវតែមានចំណេះដឹងនិងជំនាញ ច្បាស់លាស់ ហើយត្រូវតែចេះភាសាអង់គ្លេស និង កុំព្យូទ័រ ២- លក្ខណៈវិនិច្ឆ័យយុវជនល្អគឺត្រូវមានសមត្ថភាពធ្វើការងារ មានគុណធម៌ មានប្រសិទ្ធភាពក្នុងការធ្វើការងារ នៅពេលយើងធ្វើសកម្មភាពល្អៗវានឹងនាំឲ្យមានទម្លាប់ល្អដែរ ហើយកាលណាយើងមានតែទម្លាប់ល្អៗ យើងនឹងមានចរិតល្អដែរ ហើយអត្តរិតល្អនេះឯងនឹងនាំឲ្យយើងមានជោគវាសនាល្អ។ ៣-ទិសដៅរបស់យុវជនគឺត្រូវមានវិធីសាស្រ្ត ជោគជ័យសម្រាប់ខ្លួន ភាពសុខដុមនីកម្ម ការកសាងមិត្តភាពជាដើម ...។
នៅចុងបញ្ចប់ លោកបណ្ឌិត មាស បូរ៉ា ក្នុងនាមប្រធានដឹកនាំនៃអង្គសន្និសីទបានបូកសរុបថា ការក្តាប់យកឱកាស ការបង្កើតឱកាស ការបង្វែរបញ្ហាប្រឈមមកជាឱកាស គឺផ្តើមចេញពីខ្លួនឯង និងអ្នកដទៃ ព្រោះមនុស្សម្នាក់ៗ ជាអ្នកទទួលខុសត្រូវលើជោគវាសនាខ្លួនឯង ហេតុនេះហើយទើបសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជាប្រកាន់យកការធានាគុណភាពបណ្តុះបណ្តាល ដោយត្រូវចាប់ផ្តើមពីការធានា គុណភាព ដំណាក់កាលបីនៃយន្តការបណ្តុះបណ្តាលគឺៈ ១-គុណភាព (បង្រៀន រៀន អនុវត្ត ស្រាវជ្រាវ សេវាកម្ម) ២-សមត្ថភាពវិជ្ជាជីវៈ (ចំណេះ ដឹង ចំណេះធ្វើ) ៣-បុគ្គលិកលក្ខណសម្បត្តិល្អ (ចរិយាសម្បត្តិ រូបសម្បត្តិ ភាពសកម្មការងារសិល្បៈនៃការរស់នៅ) ក្នុងនោះដែរ លោកបណ្ឌិតបានគូសបញ្ជាក់ថា ឪកាសមួយថ្មីទៀត សម្រាប់ពលរដ្ឋ និងយុវជនកម្ពុជាឈានពីឱកាសមួយទៅរកឱកាសច្រើនហេតុនេះ ហើយភាពអត់ធ្មត់ និងមានកេរ្តិ៍ឈ្មោះល្អគឺជាដើមទុនដ៏សំខាន់ ដើម្បីមានឱកាសអាចធ្វើអ្វីៗផ្សេងទៀតបាន អ្នកខ្លះរៀនពូកែ និងមាន សញ្ញាបត្រខ្ពស់តែបើគ្មានឱកាសក៏មិនអាចធ្វើអ្វីធំបានដែរ ដូច្នេះប្រសិនបើយើងមានឱកាស សូមកុំទុកឱកាសចោលឲ្យសោះ។
លោកបន្តថា ទន្ទឹមនឹងឱកាសដ៏ធំធេងនេះបញ្ហាប្រឈមក៏អាចនឹងកើតមានផងដែរសម្រាប់អ្នកដែលមិនចេះក្តាប់យកឱកាស ឬកែខៃបញ្ហា ប្រឈមឱ្យទៅជាឱកាសវិញទេ។ អ្នកសុទិដ្ឋិនិយមយល់ថាបញ្ហា ឬឧបសគ្គគឺជាឱកាស រីឯអ្នកទុទ្ឋិនិយមវិញយល់ឃើញថា ឱកាសគឺជា បញ្ហា។ សន្និសីទនេះមានបំណងធ្វើឱ្យយុវជន និស្សិត និងអ្នកចូលរួមទាំងអស់បានត្រៀមខ្លួនក្នុងការក្តាប់យកឱកាស ឬកែច្នៃបញ្ហាប្រឈម ឱ្យក្លាយជាឱកាសនាពេលអនាគត៕