(ភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួង ក៏ដូចជាលោក លោកស្រី ជាសមាសភាពនៃគណៈជំនាញ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការគណបក្សក្រសួងជាច្រើនរូប។
កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងរលូន តាមរបៀបវារៈដែលបានគ្រោងទុក ដែលរួមមាន៖
១៖ ប្រកាសសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រសួង, ការតែងតាំងសមាសភាពគណៈកម្មាធិការគណបក្សក្រសួង គណៈជំនាញ និងលេខាធិការដ្ឋាន
២៖ ពិធីប្រគល់សេចក្តីសម្រេចជូនសាមីខ្លួន ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា ប្រធានគណៈកម្មាធិការគណបក្សក្រសួង
៣៖ ពិនិត្យអនុម័តលើការតែងតាំងបន្ថែម និងការសម្រួលភារកិច្ច សមាសភាពមួយចំនួន
៤៖ ផ្សព្វផ្សាយឯកសារជំនួយស្មារតី ចំណុចសំខាន់ៗមួយចំនួន នៃសភាពការណ៍ខែកុម្ភៈ និងទិសដៅការងារឃោសនាអប់រំខែបន្ទាប់
៥៖ ផ្សព្វផ្សាយរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤
៦៖ មតិសំណះសំណាល និងការផ្តល់អនុសាសន៍ណែនាំពី ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានគណៈកម្មាធិការគណបក្សក្រសួង៕