(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជយលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន០៧រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន រួមមាន៖ ផ្នែកទំនាក់ទំនងអន្តរជាតិ ផ្នែកវិស្វកម្មវិទ្យាសាស្ត្ររូបធាតុ ផ្នែកវិទ្យាសាស្ត្រឱសថ ផ្នែកសំណង់ស៊ីវិល ផ្នែកព័ត៌មានវិទ្យា ផ្នែកគ្រប់គ្រងធុរកិច្ច ផ្នែកសេដ្ឋកិច្ច ផ្នែកសិក្សាអប់រំ ផ្នែកគោលនយោបាយ និងរដ្ឋបាលសាធារណៈ។ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងសុខាភិបាល។
ជាកិច្ចស្វាគមន៍ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដល់និស្សិតជ័យលាភីទាំង០៧រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុនទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថាក្មួយៗនិស្សិតជយលាភីទាំងអស់នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។
នាឱកាសនោះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះចំនួន១០ចំណុចដល់និសិ្សតជ័យលាភីទាំង០៧រូប ដើម្បីរួមចំណែកដល់ការសិក្សាឲ្យបានជោគជ័យដូចខាងក្រោម៖
១៖ ត្រូវសម្លឹងមើលឱ្យទូលាយ
២៖ សុំកុំបោះបង់
៣៖ ត្រូវបើកចិត្តឱ្យទូលាយ
៤៖ ត្រូវព្យាយាមធ្វើឱ្យបានប្រសើរ
៥៖ ត្រូវមានសុច្ឆន្ទៈ
៦៖ ត្រូវឈរនៅទីដែលវិជ្ជមានជានិច្ច
៧៖ ត្រូវបង្ហាញពីការខិតខំ
៨៖ ត្រូវរៀនពីបទពិសោធន៍
៩៖ ត្រូវមានសង្គតិភាព
១០៖ ត្រូវចេះលះបង់។
បន្ទាប់ពីទទួលបានអនុសាសន៍គន្លឹះដ៍ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និស្សិតទាំង០៧រូបក៍បានប្តេជ្ញាចិត្តនឹងខិតខំសិក្សាឲ្យបានពូកែ និងជោគជ័យយកចំណេះដឹងមកបម្រើជាតិមាតុភូមិវិញ។
ជាទីបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលទាំងអស់ ដែលបានចូលរួម និងជូនពរឱ្យក្មួយៗនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា។ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជូនសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ត របស់ក្រសួងសុខាភិបាលជូនដល់និស្សិតម្នាក់ៗចំនួនមួយក្បាលផងដែរ៕