(ព្រះវិហារ)៖​ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជេីញជាអធិបតីប្រកាសចូលកាន់តំណែងជាផ្លូវការអភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ,​ លោក ចិន ខន្តី អតីតអភិបាលរងស្រុក ឡេីង ជំនួសលោក វុធ តារ៉ា អតីតអភិបាលស្រុកចាស់ ដែលទទួលមរណភាព​ ដោយរោគាពាធ។

ពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកជាំក្សាន្តនេះ​ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ ចំណុះរដ្ឋបាលស្រុក ឃុំ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

នៅក្នុងឱកាសនេះដែរ លោក គីម រិទ្ធី បានថ្លែងចូលរួមអបអរសាទរចំពោះលោក ចិន ខន្តី ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលស្រុកជាំក្សាន្ត នាពេលនេះ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងណែនាំដល់លោកអភិបាលស្រុកជាំក្សាន្តថ្មី ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ពង្រឹងរបៀបរបបការងារ រក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អ រវាងក្រុមប្រឹក្សាគណៈអភិបាលស្រុក ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឫអង្គភាពនានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យទទួលបានជោគជ័យ។

លោក គីម រិទ្ធី ក៏បានថ្លែងណែនាំដល់លោកអភិបាលស្រុកជាំក្សាន្ត ក្នុងនាមជាមេដឹកនាំ ត្រូវធ្វើចិត្តឱ្យធ្ងន់ បើកចិត្តឱ្យទូលាយ ទទួលយកទាំងអស់រាល់ការសរសើរនិងពាក្យរិះគន់​ ពង្រឹងការងារសហប្រតិបត្តិការ ពិសេសបាតុភាពនៅក្នុងមូលដ្ឋានឱ្យតឹងណែនក្នុងដៃ ការងារដីធ្លី ការចូលកាន់កាប់ទន្ទ្រានដីរដ្ឋខុសច្បាប់ រួមទាំងទីតាំងដីសម្បទានសេដ្ឋកិច្ច និងទីតាំងដីសម្បទានសង្គមកិច្ចផងដែរ៕