(ភ្នំពេញ)៖ លោកស្រី តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានស្នើដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យពង្រឹងការគ្រប់គ្រង លើគុណភាពផលិតផល និងរៀបចំកសាងក្រមសីលធម៌វិជ្ជាជីវៈ លើវិស័យគ្រឿងអលង្ការ។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី តាន់ ទេពីកណ្ណិកា អញ្ជើញចូលរួម ក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៩ ឆ្នាំ២០២៤ និងព្រឹត្ដិការណ៍នារីឯក លើកទី១ ឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

លោកស្រី តាន់ ទេពីកណ្ណិកា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមស្នើដល់សមាគម ដែលជាអ្នកសហការដឹកនាំ ក្នុងវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃ សូមពង្រឹងការគ្រប់គ្រង លើគុណភាពផលិតផល និងរៀបចំកសាងក្របសីលធម៌វិជ្ជាជីវៈ លើវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះ ដើម្បីកសាងទំនុកចិត្ដជូនអតិថិជនក្នុង និងក្រៅប្រទេស»។

បន្ថែមពីនោះទៀត លោកស្រី តាន់ ទេពីកណ្ណិកា បានស្នើដល់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យត្រូវខិតខំប្រមូលផ្ដុំពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃ ឲ្យរួបរួមគ្នាជាធ្លុងមួយ ដើម្បីងាយស្រួលទទួលព័ត៌មានទីផ្សារ កាន់តែទូលំទូលាយបន្ថែមទៀត។

ជាពិសេសឆ្លៀតឱកាស នៃការជ្រៀតចូលទីផ្សារ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ដែលកម្ពុជាកំពុងតែមានស្រាប់ និងកំពុងចរចារជាបន្ដបន្ទាប់។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី តាន់ ទេពីកណ្ណិកា។

លោកស្រី តាន់ ទេពីកណ្ណិកា ក៏បានលើកទឹកចិត្ដដល់សមាគម ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ បន្ដអនុវត្ដនូវគំនិតផ្ដួចផ្ដើម និងវិធានការចាំបាច់នានា ក្នុងការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងលើកកម្ពស់ដល់ការយល់ដឹង ពីវិស័យគ្រឿងអលង្ការ ដើម្បីធានាបាននូវការប្រកួតប្រជែង ប្រកបដោយឧត្ដមភាព និងនិរន្ដភាពលើឆាកអន្ដរជាតិ។

លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្ដីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានឲ្យដឹងថា កម្មវិធីខាងលើនេះ រៀបចំឡើង ក្នុងគោលបំណង ឲ្យបងប្អូនអាជីវករ ពាណិជ្ជករ និងក្រុមហ៊ុនគ្រឿងអលង្ការ ទាំងក្នុងស្រុក និងក្រៅស្រុក មានការតាំងបង្ហាញនូវគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់ខ្លួន ទាំងលើទីផ្សារជាតិ និងអន្តរជាតិ។

លោកបណ្ឌិត ឆាយ ស៊ីណាត បានលើកឡើងថា ការដាក់តាំងបង្ហាញនេះ ដើម្បីបញ្ចេញនូវភាពល្អឥតខ្ចោះ នៃផលិតផលរបស់ខ្លួន និងការកែច្នៃម៉ូតជាច្រើន ព្រមទាំងការប្រកួតប្រជែង នូវផលិតផលនាំចេញនាំចូលទាំងថ្នាក់ជាតិ និងអន្តរជាតិ គ្រប់បណ្តាប្រទេស ដែលជាដៃគូរបស់កម្ពុជា។

សូមបញ្ជាក់ថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្ដរជាតិ លើកទី១៩ ឆ្នាំ២០២៤ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅអគារ A B C មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលរៀបចំឡើងដោយសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា៕