(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌដង្កោ លោក ជឹម សីុថា បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ យាយមាំុមី និងសកម្មជន៥នាក់ទៀត សកម្មជនដីធ្លីបឹងកក់ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ ពោលនៅបន្តការសួរនាំ នៅអធិការខណ្ឌនៅឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៨៖៥០នាទី កម្លាំងចំរុះគណៈបញ្ជាការឯកភាព ខណ្ឌដង្កោ បានចុះបង្ក្រាបការប្រមូលម្តុំតវ៉ាខុសច្បាប់ ទៅលើក្រុមអ្នកតវ៉ា ចំណុចផ្លូវបេតុង ខាងមុខពន្ធនាគារព្រៃស (ម២) ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហើយសមត្ថកិច្ច ចំរុះបានធ្វើការឃាត់ខ្លួន ក្រុមអ្នកតវ៉ាខាងលើបានចំនួន០៦នាក់៖
-ទី០១ឈ្មោះ ភួង សុភាព ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-ទី០២ឈ្មោះ គីវ និក ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-ទី០៣ឈ្មោះ សុខ រស្មី ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-ទី០៤ឈ្មោះ មាស ស្រីពៅ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-ទី០៥ឈ្មោះ ណា រី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
-ទី០៦ឈ្មោះ ណៃ ឃុន ហៅ យាយមាំុមី ភេទស្រី អាយុ៧៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
លោកអធិការ បានបន្តថា យើងបានធ្វើការសាកសួរគាត់បានឆ្លើយ ក្នុងគោលបំណងចង់អោយមានការដោះលេងអ្នកស្រី ទេព វណ្ណី។
ក្រោយមានការឃាត់ខ្លួនភ្លាម មានសហគមន៍បឹងកក់ និងសហគមន៍បុរីកីឡា បាននាំគ្នាមកប្រមូលផ្តំុគ្នានៅខាងមុខសាលាខណ្ឌដង្កោវិញ ដើម្បីទាមទារអោយមានការដោះលែងយាយ មាុំមី៕