(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវឲ្យបន្តយកចិត្តទុកដាក់ បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបច្ចេកវិជ្ជាផ្សេងៗ ជូនដល់បងប្អូនខ្មែរឥស្លាម ដើម្បីឲ្យមានឱកាស ទទួលបាននូវការងារសមស្រប។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីពិសារអាហារស្រាយបួសរបស់ខ្មែរឥស្លាម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ ដោយមានខ្មែរឥស្លាមចូលរួមរង្វង់ប្រមាណ៦ពាន់នាក់ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត «ខ្ញុំសូមអំពាវនាវឲ្យបន្តយកចិត្ត ទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបច្ចេកវិជ្ជាផ្សេងៗ ដើម្បីឲ្យបងប្អូនខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឲ្យជីវភាពគ្រួសារ និងសង្គមជាតិកាន់តែប្រសើរឡើង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះវិស័យអប់រំ នៅក្នុងសហគមន៍ខ្មែរឥស្លាម បច្ចុប្បន្ន មានការរីកចម្រើន ហើយរាជរដ្ឋាភិបាល បានផ្ដល់ក្របខណ្ឌគ្រូបង្រៀនខ្មែរឥស្លាម ជូនដល់សហគមន៍ខ្មែរឥស្លាម ធ្វើឲ្យចំនួនសិស្ស-និស្សិតបញ្ញវន្ដខ្មែរនិស្សិត កាន់តែមានចំនួនកើនឡើង។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សេរីភាព នៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត, បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូប សម្រាប់ ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន, អត្តសញ្ញាណបណ្ណ -ល-។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លែងថ្វាយបង្គំមាននៅព្រលានយន្តហោះ, នៅតាមមន្ទីរពេទ្យរដ្ឋ, នៅតាមរោងចក្រ, សណ្ឋាគារ, ផ្សារធំៗមួយចំនួន, ជាពិសេស នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ៕