(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១០ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារស្រាយបួសរបស់ខ្មែរឥស្លាម។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ ជ្រោយចង្វារ ដោយមានខ្មែរឥស្លាមចូលរួមរង្វង់ប្រមាណ៦ពាន់នាក់។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញអញ្ជើញជាអធិបតី ក្នុងពិធីពិសារអាហារស្រាយ បួសខែរ៉ាម៉ាឌន៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចចូលរួមពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ដើម្បីបន្តភាពសុខដុមរមនាគ្រប់ជាតិសាសន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ ទទួលបានការគាំពារ ធានា និង លើកទឹកចិត្ត សុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ, ដោយឈរលើមូលដ្ឋាននៃការ ពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងរាល់ទង្វើរើសអើងនានា, សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនា ផ្សេងៗគ្នា, ប៉ុន្តែ មានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ។ នេះមិនត្រឹមតែជាមោទនភាព សម្រាប់កម្ពុជាតែប៉ុណ្ណោះទេ, ប៉ុន្តែក៏ជាមោទនភាព សម្រាប់ប្រទេសក្នុងតំបន់ និង ពិភពលោកផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប ក្នុងស្ថាប័នកំពូលរបស់ជាតិ និង នៅថ្នាក់ក្រោមជាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍ខ្មែរឥស្លាម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សេរីភាពនៃការគោរពសាសនាឥស្លាម ត្រូវបានរាជរដ្ឋាភិបាលបើកទូលាយ ដល់បងប្អូនឥស្លាម ដូចជា សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត, បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូប សម្រាប់ ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន, អត្តសញ្ញាណបណ្ណ ។ល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កន្លែងថ្វាយបង្គំមាននៅព្រលានយន្តហោះ, នៅតាមមន្ទីរពេទ្យរដ្ឋ, នៅតាមរោងចក្រ, សណ្ឋាគារ, ផ្សារធំៗមួយចំនួន, ជាពិសេស នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំបន្ទប់ថ្វាយបង្គំផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត សូមអំពាវនាវឱ្យបន្ត យកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និង បច្ចេកវិជ្ជាផ្សេងៗ ដើម្បីឱ្យបងប្អូនខ្មែរឥស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិកាន់តែប្រសើរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យបន្តកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ដោយជៀសវាងការយកសាសនា សម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ នៅក្នុងសហគមន៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៥៖៣៥នាទី ល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕