(ភ្នំពេញ)៖ បញ្ហាសមុទ្រចិនខាងត្បូង និង ការពិភាក្សាជំហររួមរបស់អាស៊ាន ក្នុងការទំនាក់ទំនងប្រទេសធំៗខាងក្រៅ នឹងត្រូវយកទៅពិភាក្សា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ។ នេះបើតាមការបញ្ជាក់ពី លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តអន្តរជាតិភ្នំពេញ មុនពេលអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមប្រជុំនៅប្រទេសឡាវ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ស្រ៊ី ថាមរុង្គ បានអះអាងថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឡាវ នឹងពិភាក្សាអំពីចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ និងការជំរុញសហគមន៍ទាំង៣បន្ថែមទៀតក្នុងនោះមាន សេដ្ឋកិច្ច វប្បធម៌ នយោបាយ។
លោកបានបន្ថែមថា អាស៊ានក៏ពិភាក្សាអំពីពង្រឹងតួនាទីរបស់ខ្លួនជាតួនាទីស្នូល ដើម្បីរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងម៉េចឱ្យមានការឯកភាពគ្នា លើគោលជំហររួមក្នុងការទំនាក់ទំនងជាមួយប្រទេសធំៗខាងក្រៅ។ ក្រៅពីនោះ មានការពិភាក្សាអំពី បញ្ហារត់ពន្ធមនុស្ស បញ្ហាអន្តោរប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ជំងឺឆ្លង ការផ្លាស់ប្តូរអាកាសធាតុ និងគ្រោះធម្មជាតិ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងអំពើហិង្សាជ្រុលនិយមផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅប្រទេសឡាវនាពេលនេះ រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានជាង១០អង្គប្រជុំនៃថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បន្ទាប់ពីការប្រជុំរាប់សិបលើក នៃថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រី នឹងត្រូវយកមកអនុម័ត នៅក្នុងអង្គប្រជុំនេះ៕