(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានប្រជុំពិភាក្សាគ្នាលើការពិនិត្យវឌ្ឍភាពនៃការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៧ នៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ បានរៀបចំឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធអនឡាញដឹកនាំដោយលោក ចាន់ សីហា លោក ប៉ិច សានី និង លោក បាន លឹម ដែលអគ្គនាយករងធនាគារARDB។
ក្នុងកិច្ចប្រជុំនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលេខាធិការដ្ឋាននៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានពិនិត្យវឌ្ឍភាពនៃការរៀបចំការទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី ៤៧ នៅប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺជាកិច្ចប្រជុំថ្នាក់តំបន់មួយ ក្រោមប្រធានបទ «តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយចីរភាព» ដែលគ្រោងនឹងមានស្ថាប័នចូលរួមប្រមាណជា ៩៣ ស្ថានប័ន មកពី ៤១ ប្រទេស ដែលជាសមាជិក ADFIAP និងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា៕