(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងមានជំនួបដាច់ដោយឡែក ជាមួយនឹង លោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និង លោក Li Keqiang នាយករដ្ឋមន្រ្តីចិន នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ។ នេះបើតាមការបញ្ជាក់ពី លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បានចាកចេញពីកម្ពុជា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅប្រទេសឡាវដែលជាម្ចាស់ផ្ទះឆ្នាំនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅប្រទេសឡាវនាពេលនេះ រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានជាង១០អង្គប្រជុំនៃថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បន្ទាប់ពីការប្រជុំរាប់សិបលើក នៃថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រី នឹងត្រូវយកមកអនុម័តិ នៅក្នុងអង្គប្រជុំនេះ៕