(ភ្នំពេញ)៖ ឆ្លើយតបនឹងការរីករាលដាលវិរ៉ុសហ្ស៊ីកា (Zika) នៅតំបន់អាស៊ីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដាក់ លេខទូរស័ព្ទបន្ទាន់ ឬ Hotline «115» សម្រាប់បងប្អូនប្រជាពលរដ្ឋអាចសួរនាំអំពីជំងឺឆ្លង និងបញ្ហាសុខាភិបាលផ្សេងៗ ២៤ម៉ោងលើ២៤ម៉ោង។
ការប្រកាសប្រើប្រាស់លេខទូរស័ព្ទបន្ទាន់ ឬ Hotline លេខ 115 នេះ ធ្វើឡើងស្របពេលលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យមើល ម៉ាស៊ីនស្កេនវិរ៉ុស Zika នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងគោលបំណងបង្កើនការយកទុកដាក់ក្នុងការត្រួតពិនិត្យ ការឆ្លងចូលវិរ៉ុស Zika ពីប្រទេសផ្សេងៗ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា «ការទប់ស្កាត់នឹងការពារ ជំងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជំងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកនៃការកកើតសត្វមូល។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋាន ប្រជាជននៅក្នុងសហគមន៍ ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកពាក់ខោជើងវែង និងអាវដៃវែង និងសម្រាកក្នុងមុង។ ពេលមានជំងឺដែលមានរោគសញ្ញា ដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត»៕