(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានថ្លែងកោតសរសើរចំពោះបងប្អូន កីឡាករ-កីឡាការិនី មានពិការភាពកម្ពុជា ដែលបានប្រឹងប្រែងលើកកិត្តិយស ជូនជាតិមាតុភូមិ ដោយដណ្តើមបាន មេដាយពីព្រឹត្តិការណ៍កីឡានានា។
ការថ្លែងកោតសរសើរបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ បងប្អូនមានពិការភាព អាណាព្យាបាល និងបុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ដ បញ្ញាស្មាតី តស៊ូ ព្យាយាម និងអត់ធ្មន់ ក្នុងការបំពេញតួនាទីភារកិច្ច និងបេសកម្មរបស់ខ្លួន ជូនជាតិមាតុភូមិ និងប្រជាជន ជាពិសេសជនមានពិការភាព របស់យើង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានក្តីរំភើបរីករាយ ដោយបានឃើញជនមានពិការភាពនៅកម្ពុជា ចូលរួមយ៉ាងសកម្ម និងពេញលេញ នៅក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមកម្ពុជា, ដែលនេះឆ្លុះបញ្ចាំងពីសមត្ថភាព និងសក្តានុពលរបស់ជនមានពិការភាព ស្របតាមសុភាសិត «ពិការតែកាយ ចិត្តមិនពិការឡើយ»។
បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជនមានពិការភាពទាំងអស់ មិនឯកោនោះឡើយ ពោលមានសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងនៅជាប់ជាមួយជានិច្ច។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី និងបុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានប្រឹងប្រែងកសាងសមិទ្ធផលនានា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងលើកកិត្តិយសជូនជាតិមាតុភូមិ ដោយដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡានានា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ទៅលើជនមានពិការភាព។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ជនពិការបន្តប្រកាន់ស្មារតី «ពិការកាយ មិនពិការចិត្ត» ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួនផងដែរ។
សូមជម្រាបផងដែរថា មជ្ឈមណ្ឌលជាតិនៃជនពិការ ត្រូវបានបង្កើតឡើងដោយក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន តាមសេចក្តីប្រកាសចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៧ ដើម្បីប្រគល់ស្វ័យភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម បង្កើនសេដ្ឋកិច្ច រកការងារ និងផ្តល់ការងាជូនជនពិការ ដើម្បីបងប្អូនជនពិការ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម។ មជ្ឈមណ្ឌលជាតិនៃជនពិការ ត្រូវបានសម្ពោធដាក់ឲ្យអនុវត្តការងារ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧៕